រុស្ស៊ីកំពុងផលិតវ៉ាក់សាំងមហារីកចាក់ឲ្យពលរដ្ឋ
មូស្គូ ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរស្ស៊ី TASS ប្រទេសមួយនេះបានអះអាងថា ខ្លួនបាននិងកំពុងផលិតវ៉ាក់សាំងមហារីក ជាវ៉ាក់សាំងដែលប្រើប្រភេទថ្មីនៃបច្ចេកទេស mRNA។ វ៉ាក់សាំងនេះត្រូវបានកំណត់ សម្រាប់ការដាក់ចេញឲ្យប្រើប្រាស់ ជាសាធារណៈ នៅដើមឆ្នាំ២០២៥ ហើយនឹងអាចរកបាន ដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋរុស្ស៊ី។
វ៉ាក់សាំងនេះផ្តោតលើការព្យាបាលជំងឺមហារីក ជាជាងការការពារ ដោយប្រើផ្នែកនៃដុំសាច់ផ្ទាល់ខ្លួនរបស់អ្នកជំងឺ ដើម្បីជួយជំរុញប្រព័ន្ធភាពស៊ាំ និងវាយប្រហារការលូតលាស់កោសិកាមហារីក។
បើតាមលោក Andrey Kaprin ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រវិទ្យុសកម្ម បានបញ្ជាក់ថា វ៉ាក់សាំងនេះនឹងមិនគិតថ្លៃ សម្រាប់អ្នកជំងឺទេ ទោះបីជាថ្នាំនីមួយៗ រដ្ឋត្រូវចំណាយប្រហែល ២,៨៦៩ដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ Tass ដដែល។
យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីឈ្មោះផ្លូវការ របស់វ៉ាក់សាំង មិនទាន់ត្រូវបានបង្ហាញឲ្យដឹងទេ ហើយប្រភេទមហារីកដែលវានឹងព្យាបាល ក៏នៅមិនទាន់ច្បាស់ នៅឡើយនោះដែរ៕
ប្រភពពី Economic times ប្រែសម្រួល៖ សារ៉ាត