ក្រសួងសុខាភិបាល រៀបចំកិច្ចប្រជុំជាមួយម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពមូលដ្ឋានសុខាភិបាលឯកជន
(ភ្នំពេញ)៖
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំនាញឯកទេស សម្រាប់ការតាមដានត្រួតពិនិត្យការបម្រើសេវាសុខាភិបាលផ្នែកឯកជន រួមជាមួយឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជារដ្ឋលេខាធិការទទួលបន្ទុកកិច្ចការតាមជំនាញឯកទេស បានធ្វើការជួបជុំជាមួយនឹងម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញចាប់ពីមន្ទីរសម្រាកព្យាបាលគ្រប់ប្រភេទ មន្ទីរពហុព្យាបាល មន្ទីរពេទ្យ សរុបចំនួន ៤៣០ ទីតាំង ដែលការជួបប្រជុំនេះធ្វើឡើងនៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ។
ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ ដើម្បីឲ្យការផ្តល់សេវាសុខាភិបាលផ្នែកឯកជនឲ្យកាន់តែមានភាពប្រសើរឡើង ។
ជាការពិតភាពជាដៃគូរវាងរដ្ឋ និងឯកជន ពិតជាចាំបាច់ណាស់ ព្រោះថាការផ្តល់សេវាសុខាភិបាលនៅផ្នែកសាធារណៈក្នុងមូលដ្ឋានរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិចំនួន១២ មន្ទីរពេទ្យបង្អែកចំនួន៨ និងមណ្ឌលសុខភាពចំនួន៤៦ និងមន្រ្តីសុខាភិបាល ចំនួនជាង១៤០០នាក់ រីឯសេវាសុខាភិបាលឯកជន មន្ទីរពេទ្យឯកជនចំនួន១៧-គ្លីនិកឯកជន ដោយចាប់រាប់ពីមន្ទីរសម្រាកព្យាបាល ពហុព្យាបាល សម្ភព ចំនួនជាង៤០០។
ហើយក៏ជាការប្រសើរឡើងនូវស្ថានភាពសុខភាពក្នុងរាជធានីភ្នំពេញ ដែលជាការរួមចំណែករបស់សេវាសុខាភិបាលឯកជនផងដែរ។
ឯកឧត្តមបណ្ឌិត ងី មានហេង បានបន្ថែមថា តាមការអង្កេតប្រជាសាស្រ្តសុខភាព នៅឆ្នាំ២០២១-២០២២ បានបង្ហាញថានៅរាជធានីភ្នំពេញស្រ្តីដែលសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាល រហូតដល់៩៩,៩៩% (បើលេខមូល១០០%) ក៏ដោយសារតែមានការចូលរួមពីសេវាសុខាភិបាលឯកជនផងដែរ។ ក្នុងនោះស្រ្តី មកសម្រាលកូននៅមណ្ឌលសុខភាព ចំនួន៣០% និង៧០%ទៀត នៅមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យឯកជន។
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា និងឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានថ្លែងរួមគ្នាថា តាមរយៈកិច្ចប្រជុំ មានគោលបំណង ពង្រីកការយល់ដឹងស៊ីជម្រៅ ជូនដល់សេវាសុខាភិបាលឯកជន អំពីអាទិភាពចម្បងៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងទិសដៅពង្រឹងគុណភាព និង សុវត្ថិភាពនៃសេវា ពិនិត្យព្យាបាលគ្រប់ប្រភេទក្នុងផ្នែកឯកជន។ ការជួបជុំ ក៏បានរំលឹក អំពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋភិបាលអណត្តិទី៧ នៃរដ្ឋសភា និង អាទិភាពទាំង៩ រួមនឹង អាទិភាពចម្បងចំនួន៣ នៃសុខាភិបាល ដែលក្នុងនោះការធ្វើនិយ័តកម្ម សេវាសុខាភិបាលផ្នែកឯកជនឲ្យបានកាន់តែល្អ រលូន និងគោរពបានទៅតាមបទដ្ឋានគតិយុត្តិ/ និយាមបច្ចេកទេសសុខាភិបាល គឺជាអ្វីដែលក្រសួងសុខាភិបាលបាន និងបន្តតម្កល់ជាអាទិភាពខ្ពស់បំផុត សម្រាប់វិស័យសុខាភិបាលផ្នែកឯកជន៕
ដោយ ៖ ហេង សម្បត្តិ