ឯកឧត្តមអភិសន្តិបណ្ឌិត បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀតបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

(ព្រៃវែង)៖ នៅខេត្តព្រៃវែង មានសិស្សនិស្សិត រួមទាំងព្រះសង្ឃចំនួន៥៧២អង្គ/នាក់ទៀតហើយបានបញ្ចប់ដោយបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ស្របតាមទស្សនៈវិស័យដឹកនាំដ៏ត្រឹមត្រូវ និងជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី២ និងបើកវគ្គបន្តជំនាន់ទី៣ រៀបចំនៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីត្រេកអរ និងរំភើបរីករាយចំពោះលទ្ធផលជោគជ័យនៃវគ្គបណ្ដុះបណ្ដាលវគ្គទី២នេះ និងបានជំរុញឱ្យក្រុមការងារពង្រឹងគុណភាពនៃបណ្ដុះបណ្ដាលបន្ថែមទៀត ស្របតាមតម្រូវការ និងឱកាសទីផ្សារការងារ ។

ឯកឧត្តមអភិសន្តិបណ្ឌិត វគ្គបណ្តុះបណ្តាលដែលប្រកបទៅដោយគុណភាព និងគ្រូឧទ្ទេសពោរពេញទៅដោយចំណេះជំនាញ ប៉ិនប្រសប់ក្នុងការពន្យល់ ជាក់ស្តែង ដូចដែលក្រុមការងារបានរៀបចំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ហើយសិក្ខាកាមដែលបញ្ចប់វគ្គសិក្សា ក៏នឹងពិតជាទទួលបានចំណេះជំនាញពិត យកទៅអនុវត្ត និងជាស្ពានក្នុងការកសាង គ្រួសារនិងសង្គមជាតិ។

ឯកឧត្តមបន្តថា អ្នកដែលចេះពិតប្រាកដ រមែងទទួលបាននូវផ្លែផ្កា។ ដូចនេះសម្រាប់វគ្គទី៣ សិក្ខាកាម គប្បីយកចិត្តទុកដាក់ សិក្សាឈ្វេងយល់លើជំនាញទាំងអស់នេះឱ្យអស់សក្ដានុពល ។

គួរបញ្ជាក់ថា សិស្ស-និស្សិតដែលទទួលបានជ័យលាភីជំនាន់ទី២ មានការកើនឡើងដល់ទៅ៩៦អង្គ/នាក់។ ក្នុងនោះជំនាន់ទី១មានចំនួន ៤៧៦ អង្គ/នាក់ សម្រាប់ជំនាន់ទី៣ មានចំនួនរហូតទៅដល់ ៨៣៤អង្គ/នាក់ ខណៈជំនាន់ទី១មានចំនួន៤៧៦ អង្គ/នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារសិក្សា បញ្ជូលបន្ថែមនូវជំនាញឌីហ្សាញផុសស្ទ័រ ប៉ាណូ គំនូរជីវចល ជាពិសេសបញ្ញាសប្បនិម្មិត ដោយភ្ជាប់នឹងតម្លៃ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់និងអត្តសញ្ញាណ ពោលគឺក៏ត្រូវគិតពីមុខវិជ្ជាច្បាប់ ក្រមសីលធម៌នៃការប្រើបច្ចេកវិទ្យានិងអ្នកអនឡាញ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner