អ្នកជំនាញព្រមានកើតមហន្តរាយ ក្រោយលោក ត្រាំ ចង់ដកអាមេរិកចេញពី WHO

ឡុងដ៍ ៖ កាសែត Financial Times (FT) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមអន្តរកាលរបស់លោក Donald Trump កំពុងជំរុញឱ្យដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃដំបូងនៃរដ្ឋបាលថ្មី។

ជាការឆ្លើយតបនោះ អ្នកជំនាញបានចេញមុខព្រមានធ្ងន់ៗ អំពីផលប៉ះពាល់ដ៏ “មហន្តរាយ” ដែលវានឹងជះផលអវិជ្ជមានលើវិស័យសុខាមាលភាពពិភពលោកទាំងមូល។

កាសែត Financial Times បានចេញផ្សាយថា សមាជិកក្រុមការងាររបស់លោក Trump បានប្រាប់អ្នកជំនាញអំពីចេតនារបស់ពួកគេ ក្នុងការដកអាមេរិកចេញពីស្ថាប័នសុខភាពពិភពលោក នៅថ្ងៃឡើងកាន់តំណែងទី២០ ខែមករាឆ្នាំក្រោយ របស់ប្រធានាធិបតីជាប់ឆ្នោត។

ការចាកចេញរបស់អាមេរិកពីអង្គការសុខភាពពិភពលោកនេះ ត្រូវបានអ្នកវិភាគមើលឃើញថា គឺជាការដកប្រភពមូលនិធិដ៏ធំបំផុតរបស់ WHO ដែលវានឹងរារាំងដល់សមត្ថភាពឆ្លើយតបរបស់ពិភពលោក ចំពោះវិបត្តិសុខភាពសាធារណៈ ដូចជាជំងឺរាតត្បាតកូវីដ១៩។

កាសែត FT បានដកស្រង់សម្តីលោក Lawrence Gostin សាស្ត្រាចារ្យផ្នែកសុខភាពសកលនៅ Georgetown Law ចេញផ្សាយថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនពី WHO “នៅថ្ងៃមួយ” នឹងក្លាយជាគ្រោះ “មហន្តរាយ” សម្រាប់ប្រព័ន្ធសុខាមាលភាពពិភពលោក។

លោក Gostin បានសង្កត់ធ្ងន់ថា រឿងនេះក៏នឹងបង្កជាបញ្ហាធ្ងន់ធ្ងរសម្រាប់ WHO ដែលខ្លួននឹងតស៊ូឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាព ហើយនៅទីបំផុត ពួកគេនឹងត្រូវកាត់បន្ថយបុគ្គលិកវិទ្យាសាស្ត្ររបស់ខ្លួនយ៉ាងច្រើននាពេលនាគត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner