ទិវាអន្តរជាតិ នៃអ្នកស្មគ្រចិត្ត ក្រោមប្រធានបទ ៖ “រួមគា្នស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព”
(ពោធិ៍សាត់)៖ ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ឆ្នូ ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ៖ “រួមគា្នស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ។
ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ៖ ការប្រារព្វទិវានេះមិនគ្រាន់តែបានផ្តល់កិត្តិយសដល់អ្នកស្ម័គ្រប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តមួយកម្រិតថែមទៀតដល់អ្នកស្ម័គ្រចិត្ត ដែលជាកម្លាំងមនុស្សធម៌មុតស្រួចមានសារៈសំខាន់ក្នុងការបន្តបេសកកម្មជួយដល់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះបំផុតដោយគ្រោះមហន្តរាយផ្សេងៗដោយកត្តាមនុស្សនិងកត្តាធម៌ជាតិនៅតាមសហគមន៍ព្រមទាំងបានឆ្លើយតបបានទាន់ពេលវេលា ។
លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា ៖ នៅក្នុងបរិបទរបស់ព្រះរាជាណាចក្រកម្ពុជាវិញ កាកបាទក្រហមកម្ពុជា បានប្រារព្ធទិវា អន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្តដើម្បីភាពធន់សហគមន៍ ក្នុងសន្តិភាព” នៅទីក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ដែលធ្លាប់ជាសមរភូមិចុងក្រោយ នៃការ អនុវត្តនយោបាយឈ្នះ ឈ្នះ ដោយមានបោះជំរំយុវជនថ្នាក់ជាតិ អន្តរជាតិ រយៈពេល៥ ថ្ងៃ ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ក្នុងគោលបំណងចម្បង ពង្រឹងនូវតួនាទីស្នូល និងសមត្ថភាពរបស់យុវជន ដែលជាអ្នកស័្មគ្រចិត្តវ័យក្មេងឱ្យយល់បានកាន់តែច្បាស់ពីគុណតម្លៃនៃសន្តិភាព រួមជាមួយការផ្តល់ភាពអង់អាចដល់យុវជនក្នុងការសិក្សារៀនសូត្រពីអតីតយុទ្ធជន ដែលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម ដើម្បីបណ្តុះ ឆន្ទៈមនសិការស្នេហាជាតិ ការពារបូរណភាពទឹកដី ពង្រឹងសន្តិភាព និងពង្រឹងផ្នត់គំនិត នៃវប្បធម៌ចែករំលែកក្តីស្រឡាញ់ការងារសង្គម រួមជាមួយការលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដូចជា ការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សុខភាពសាធារណៈ ការបណ្ដុះថ្នាលឌីជីថល និងការពង្រឹងពង្រីកសកម្មភាព ក្នុងភាពជាអ្នកដឹកនាំប្រកបដោយ គុណធម៌ សីលធម៌ និង ចរិយាធម៌ ៕
ដោយ / គ្រី សម្បត្តិ