កាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយអំពីកសិកម្មទំនើបដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា បានសហការជាមួយក្រសួងកសិកម្ម បានចុះផ្សព្វផ្សាយអំពីកសិកម្មទំនើបដល់ប្រជាពលរដ្ឋ ចំនួន ១៤៥នាក់ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងបរិវេណសាលាបឋមសិក្សាប៊ុនរ៉ានីសែនជ័យដណាក់ទ្រយឹង ឃុំប្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ឯកឧត្តម ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ដោយបានលើកឡើងថា ៖ ការជួយជ្រោមជ្រែងមិនមានតែពេលនេះទេ គឺកាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុក្ខដាក់ឧបត្ថម្ភគាំទ្រគិតគូរគ្រប់បែបយ៉ាងចំពោះប្រជាពលរដ្ឋនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងមានតាំងពីលំនៅដ្ឋាន ទឹកស្អាត បង្គន់អនាម័យ និងឧបត្ថម្ភគាំទ្រសព្វបែបយ៉ាងទៀតរាប់ទាំងពីការបង្កើតមុខរបរតាមរយៈប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជាដើម ។
ទន្ទឹមនិងនេះ ឯកឧត្តម ខូយ រីដា ជាអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាខេត្តក៏បានឱ្យមន្ទីរទាំងអស់ចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនប្រជាពលរដ្ឋនៅទីនេះដោយក្នុងនោះមួយមន្ទីរចងសម្ព័ន្ធមេត្រីភាព ១៨គ្រួសារ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋនៅទីនេះ ស្របនិងការឧបត្ថម្ភគាំទ្រដល់សាលារៀន និងមណ្ឌលសុខភាព។
លោក ជា សាំងដូណា ប្រធាននាយកដ្ឋានសហគមន៍ នៃក្រសួងកសិកម្ម បានលើកឡើងថា ៖ សូមថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យខ្ញុំបាទបានមកផ្សព្វផ្សាយនាពេលនេះ។ សហគមន៍កសិកម្មទំនើបគឺជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលបានដាក់ចេញដើម្បីអភិវឌ្ឍបម្រើផលប្រយោជន៍ដល់ប្រជាកសិករបានកាន់តែច្រើន។ សហគមន៍កសិកម្មទំនើបគឺជាក្រុមហ៊ុនរបស់កសិករ មានន័យថាកសិករទាំងអស់គឺជាម្ចាស់ ដែលអាចធ្វើការដាំដុះបន្លែ ស្រូវ ធ្វើផលិតកម្មដំណាំ ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម ជាដើម ដោយមានការទទួលខុសត្រូវរួមរបស់សហគមន៍កសិកម្មទំនើប។ សហគមន៍កសិកម្មទៀតសោតពេលបង្កើតឡើងត្រូវចុះបញ្ជីដោយក្រសួងកសិកម្មដោយគ្មានការបង់ពន្ធនោះទេរដ្ឋលើកលែងអនុគ្រោះឱ្យព្រមទាំងត្រូវបានការជួយជ្រោមជ្រែងគាំទ្រពីក្រសួងបន្ថែមទៀតផង (ជួយទាំងបច្ចេកទេស កសិកម្ម , ជួយបង្ហាញពីរកដើមទុនដោយខ្ចីធនាគារដោយគ្មានទ្រព្យបញ្ចាំមានអាត្រាការប្រាក់ទាប, ជួយសិក្សាទីផ្សារ និងរកអ្នកទិញ) ។
លោកជំទាវអគ្គលេខាធិការ បានពាំនាំព្រះរាជបន្តូលរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ដល់ប្រជានុរាស្ត្រ កូនចៅ និងបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹក។
លោកជំទាវអគ្គលេខាធិការ ក៏បានអំពាវនាវដល់បងប្អូន សូមឱ្យយកចិត្តទុកដាក់គិតគូរពីការថែរក្សាសុខភាពឱ្យបានល្អគឺត្រូវមានអនាម័យជានិច្ច ដើម្បីជៀសផុតពីជំងឺឆ្លងនានា អ្វីដែលពិសេសត្រូវយកចិត្តទុកដាក់ពីជំងឺមិនឆ្លងដោយត្រូវតែផ្លាស់ប្តូរដោយការហូបអាហារសុខភាព ត្រូវនាំគ្នាហាត់ប្រាណ ត្រូវនាំគ្នាបញ្ចេញពលកម្ម កាត់បន្ថយការបរិភោគគ្រឿងកំប៉ុង ឬអាហារដែលវេចខ្ចប់ ឬអាហារចៀន អាហារបំពង ឬអាហារដែលមានខ្លាញ់ច្រើន ស្ករច្រើន និងផ្អែមពេកដើម្បីបញ្ចៀសបាននូវជំងឺមិនឆ្លងនានា ដូចជា ជំងឺបេះដូងសរសៃឈាម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺទឹកនោមផ្អែម, ជំងឺមហារីកជាដើម។
លោកជំទាវ ពុំ ចន្ទីនី ក៏បានបន្តជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តក្នុងភូមិ ប៊ុន រ៉ានីសែនដំណាក់ទ្រយឹងចំនួន ២៥នាក់ ដើម្បីនាំនូវការផ្តាំផ្ញើ ការកោតសសើរនិងថ្លែងអំណរគុណរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមបន្តនូវសកម្មភាពមនុស្សធម៌ក្នុថងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀតពិសេសត្រូវបែងចែកការងារគ្នាគ្រប់គ្រងតាមផ្ទះ តាមក្រុមឲ្យបានច្បាស់ដើម្បីងាយស្រួលក្នុងការជួយប្រជាពលរដ្ឋបានបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ ។ បន្ថែមពីនេះក៏ត្រូវចូលរួមបន្តជូយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនពីជំងឺមិនឆ្លង និងបរិស្ថានតាំងពីការមិនប្រើថង់ប្លាស្ទីក ការទុកដាក់សំរាមរហូតមិនដុតសំរាមផ្តេសផ្តាសផងដែរ ។
លោកជំទាវ ពុំ ចន្ទីនី និងសហការី រួមជាមួយលោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងសាខា អនុសាខា បានបន្តចុះជួបសំណេះសំណាល ផ្តល់អំណោយមនុស្សធម៌ និងជួយដាំដើមឈើជូនអតីតយុទ្ធជន និងយោធិនពិការ ចំនួន២គ្រួសារនៅភូមិ ប៊ុន រ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិលស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ ផងដែរ ៕
ដោយ / គ្រី សម្បត្តិ