អត្ថពលិកកីឡាវ៉ូវមនាំយកមេដាយ ៣០គ្រឿងជូនកម្ពុជាសម្រាប់វេបសាយ
(ភ្នំពេញ)៖ ក្រុមប្រតិភូកីឡាវ៉ូវីណាមកម្ពុជាបានត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅព្រឹកច័ន្ទនេះ ក្រោយបញ្ចប់បេសកកម្មប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដោយបាននាំមកនូវមេដាយសរុប ៣០គ្រឿង មានមាស ៧ ប្រាក់ ១៧ និងសំរឹទ្ធ៦ អមជាមួយពានចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងចំណោម ១៥ប្រទេស ។
ដំណើរមាតុភូមិនិវត្តន៍នេះទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា, ឯកឧត្តម ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងលើកឡើងថា ជើងឯកអាស៊ីលើកទី៥នេះ សមិទ្ធផលដែលកម្ពុជាទទួលបាន គឺរក្សាចំណាត់នូវចំណាត់ថ្នាក់លេខ២ដដែលទោះបីការប្រមូលផ្តុំហ្វឹកាហាត់របស់អត្ថពិលយើងមានរយៈពេលខ្លីក៏ដោយ។ប៉ុន្តែអ្វីដែលជាមោទនភាពនោះ គឺកីឡាកកីឡាការិនីថ្នាលទទួលបានមេដាយច្រើនជាលទ្ធផលវិជ្ជាមានមួយដែលសហព័ន្ធចង់បានក៏ដូចជាក្រសួងអប់រំយុវជននិងកីឡាចង់បានដែរ។
ប្រធានសហព័ន្ធរូបនេះបន្ថែមថា ចំពោះគុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឆ្នាំនេះចំនួនមេដាយប្រាក់បានកើនឡើងដល់១៧គ្រឿង។ ជារួម ឯកឧត្តម អ៊ូ រតនា សង្កត់ធ្ងន់ថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលអត្តពលិកវ៉ូវីណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែងមេដាយយកមកជូនជាតិ។
កីឡាការិនី ឯម ចាន់កន្និកា ដែលឈ្នះមេដាយមាស៣គ្រឿង និងប្រាក់១គ្រឿង បានបង្ហាញអារម្មណ៍រំភើបនិងភ្ញាក់ផ្អើលចំពោះការដណ្តើមបានមេដាយជូនកម្ពុជារហូតដល់ទៅ៤គ្រឿង ខណៈការហ្វឹកហាត់មានរយៈពេលខ្លី និងជាលើកទី១នៃការចូលរួមប្រកួតលើឆាកអន្តរជាតិ។
ឯម ចាន់កន្និកាថា ជោគជ័យលើកនេះ និងជំរុញឱ្យនាងកាន់តែមានកម្លាំងចិត្តហ្វឹកហាត់បង្កើនសមត្ថភាពត្រៀមខ្លួនប្រជែងមេដាយជូនកម្ពុជាមន្ថែមទៀតពីការប្រកួតនៅលើឆាកអន្តរជាតិជូនកម្ពុជា។
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីកម្ពុជា ដណ្តើមបានមេដាយសរុប ៣០គ្រឿង មានមាស ៧ ប្រាក់ ១៧ និងសំរឹទ្ធ៦ អមជាមួយពានចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងចំណោម ១៥ប្រទេស៕
ថតដោយ ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ