ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខាងមុខនេះ នឹងមានមហាជនចូលរួមប្រមាណជាង ៥ម៉ឺននាក់
(ភ្នំពេញ)៖ ដើម្បីឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ មានភាពរលូននិងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញបានបន្តរៀបចំកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនៈភាពនៃគម្រោងនេះ ខណៈដែលគម្រោងនេះនឹងមានមហាជនចូលរួមប្រមាណជាង ៥ម៉ឺននាក់។
កិច្ចប្រជុំពីវឌ្ឍនៈភាពនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាពខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ធ្នូនេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី,ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនបានមានប្រសាសន៍ថា ៖ ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា។ដូច្នេះព្រឹត្តិការណ៍បាល់ទាត់នេះត្រូវតែធ្វើឡើងដោយភាពគគ្រឹកគ្រេងជាមួយការប្រគុំតន្ត្រី បុរាណ សម័យ ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍បាយ័ន។ ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់វិញត្រូវតែពង្រឹងអោយបានម៉ឹងម៉ាត់បំផុត ដោយព្រឹត្តិការណ៍នេះនឹងមានមហាជនចូលរួម ប្រមាណជាង ៥ម៉ឺននាក់ តំណាងអង្គទូតនានាប្រចាំនៅកម្ពុជាក៏បានចូលរួម ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយសម្ដេចនឹងអញ្ជើញប្រគល់បាល់ ជូនក្រុមកីឡា ថតរូបអនុស្សាវរីយ៍និងសំណេះសំណាល ក្នុងព្រឹត្តិការណ៍នេះ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ៖ ចំពោះព្រឹត្តិការណ៍បាល់ទាត់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករដើម្បីសំអាត អនាម័យបរិស្ថានជាដើម។ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណ ៥ម៉ឺននាក់ រដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមអាវយឺតចំនួន ៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ក្នុងឱកាសនោះ សូមឱ្យធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះអោយបានទូលំទូលាយ ដើម្បីអោយប្រជាពលរដ្ឋបានយល់ពីខ្លឹមសារនៃព្រឹត្តិការណ៍នេះច្បាស់ នោះគឺ ការអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ១៩៩៨ខួបទី២៦ឆ្នាំ។
គួរបញ្ជាក់ថា ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោង អ្នកចូលរួមប្រមាណ ៤ម៉ឺន ទៅ៥ម៉ឺននាក់ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ