នាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនកងកម្លាំងការពារធនធានធម្មជាតិនៅតំបន់ព្រៃឡង់
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤បានអញ្ជើញទៅសាកសួរសុខទុក្ខ និងនាំអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់កងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួនបួនគោលដៅ នៅតំបន់ព្រៃឡង់ ស្រុកសណ្តាន់។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ កងកម្លាំងចម្រុះដែលបានសហការគ្នាក្នុងការបំពេញភារកិច្ចការពារទប់ស្កាត់បទល្មើសធនធានធម្មជាតិមិនឱ្យមានកើតឡើងជាថ្មី ។ខណៈក្នុងរដូវប្រាំង បទល្មើសលបលួចកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋតែងតែកើតឡើងនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំកងកម្លាំងចម្រុះឱ្យបន្តយកចិត្តទុកដាក់ ល្បាតឱ្យជាប់ជាប្រចាំទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ។ជាមួយគ្នានេះក្រុមការងារត្រូវចាត់វិធានការដ៏ម៉ឺងម៉ាត់ចំពោះជនបំពានដោយអនុវត្តតាមផ្លូវច្បាប់ពុំមានការលើកលែង។
សូមជម្រាបថា អំណោយដែលប្រគល់ជូនមាន៖ប្រេងសាំង ៥០០ លីត្រ,អង្ករ ៤០០ គីឡូក្រាម,មី២០ កេស,ត្រីខបំប៉ុង ២ កេស,ទឹកត្រី និងទឹកស៊ីអ៊ីវ ៨ យូរ។អំណោយទាំងនេះជាការគាំទ្រពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ៕
ដោយ៖ប៊ុន រដ្ឋា