កាតាបសិក្សា១២.០០០កញ្ចប់ និងកង់ចំនួន២.០០០គ្រឿង ត្រូវបានផ្តល់ជូនសិស្សានុសិស្សក្នុងខេត្តកំពង់ធំ

កំពង់ធំ៖កាតាបសិក្សា ១២.០០០ កញ្ចប់ និងកង់ ២.០០០ គ្រឿង ដែលផ្ដល់ដោយមូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ (CFRD)តាម​រយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបានចែកជូនសិស្សានុសិស្សក្នុង​ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤។ ពិធីបានប្រារព្ធ​នៅសាលាបឋមសិក្សាបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។

លោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត​កំពង់ធំ​បានឱ្យដឹងថា រយៈពេលពីរឆ្នាំចុងក្រោយ (២០២៣-២០២៤) ខេត្តកំពង់ធំទទួលបានកាតាបសិក្សា ២០.៤៤២ កញ្ចប់ និងកង់ ១.២៩៦ គ្រឿង។ អំណោយទាំងនេះបាន​លើក​ទឹកចិត្តសិស្សក្នុង​ការសិក្សា និងរួមចំណែកបង្កើនជីវភាពប្រជាជន។

លោក Zhang Shenyue ប្រធានកម្មវិធីគម្រោង CFRD បានសរសើរ​ចំពោះកិច្ចសហការរវាងសម្ព័ន្ធសង្គមស៊ីវិល និងអាជ្ញាធរមូល​ដ្ឋានដែល​បានជួយឱ្យបេសកកម្មរបស់ CFRD សម្រេចបានដោយជោគជ័យ។

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំដែលមាន​វត្តមាន​ក្នុងពិធីនេះបានថ្លែង​អំណរគុណ​ចំពោះ​មូលនិធិចិនដើម្បី​អភិវឌ្ឍន៍​ជនបទ ដែលមានជួយដល់វិស័យអប់រំ ពិសេសដល់សិស្សានុសិស្ស​ខេត្តកំពង់ធំ។

ឯកឧត្តម កឹម រ័ត្ន វិសិដ្ឋ, ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសង្គម​ស៊ីវិល បានរំលឹកថា ចាប់ពីឆ្នាំ ២០១៨ មក CFRD បានផ្ដល់កាតាប ១៦៧ ៥៣៤ កញ្ចប់ និងកង់ ៥.០២៦ គ្រឿង ដល់សិស្សក្នុង ២២ ខេត្តទូទាំងប្រទេស។ ការប្រគល់​អំណោយនេះក៏បានរួមចំណែក​ក្នុងលើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ចិន និងផ្ដល់ការលើក​ទឹកចិត្តដល់​សិស្ស​តាមគោលនយោបាយបញ្ចកោណដំណាក់​កាលទី១៕
ដោយ៖ប៊ុន រដ្ឋា

ads banner