អភិបាលខេត្តកំពត៖ ការអភិវឌ្ឍវិស័យទេសចរណ៍ គឺដើម្បីទាញផល់​ប្រយោជន៍ជូនពលរដ្ឋ​

កំពត៖ក្នុងដំណើរចុះពិនិត្យស្ថានភាពការរស់នៅរបស់បងប្អូនប្រជា​នេសាទ ក៏ដូចជាពិនិត្យទីតាំងសម្រាប់កែលម្អសោភណ ភាពក្នុង​សហគមន៍នេសាទចំនួនពីរក្នុងក្រុងបូកគោឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងទៅកាន់អាជ្ញាធរមូលដ្ឋាន និង​ប្រជា​នេសាទនៃសហគមន៍ទាំងពីរថា ក្រោមកិច្ចចង្អុលការរបស់ប្រមុខ​រាជរដ្ឋា​ភិបាល គឺត្រូវយកចិត្តទុក​ដាក់ក្នុងការ​អភិវឌ្ឍកែច្នៃ តំបន់ដែលមាន​សក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញទេសចរ បង្កើតចំណូលជូន​ប្រជាពលរដ្ឋ​នៅក្នុងតំបន់​នោះ។

ឯកឧត្តម ម៉ៅ ធនិន ព្រមទាំងមន្រ្តីជំនាញបានអញ្ជើញទៅសាក​សួរ​សុខទុក្ខប្រជាពលរដ្ឋ និងសមាជិក​សហគមន៍​នេសាទ​ត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២៤ ។ដំណើរនេះដើម្បី​ឈ្វេង​យល់​បន្ថែមសម្រាប់ការអភិវឌ្ឍ​សហគមន៍​ទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ពិសេសបង្កើត​ផលិត​​ទេសចរណ៍​នៅនឹង​កន្លែង។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តកំពត បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី សម្តេច​បាន​ធ្វើការណែនាំ និងជំរុញដល់អាជ្ញាធរខេត្តដែលមានតំបន់​ទេស​ចរណ៍ ត្រូវយក​ចិត្តទុក​ដាក់​ក្នុងការអភិវឌ្ឍ កែច្នៃ តំបន់​ទាំងនោះឱ្យ​កាន់តែមានសក្តានុពលបន្ថែមទៀត ដើម្បីស្រូបទាញភ្ញៀវទេសចរ​ឱ្យមកកម្សាន្ត បង្កើតចំណូល​ជូនប្រជាពល​រដ្ឋនៅក្នុងតំបន់នោះ។

ជាមួយនឹងការស្វែងយល់បន្ថែម វត្តមានរបស់ឯកឧត្តម ម៉ៅ ធនិន នៅ​មូលដ្ឋានជាក់ស្តែង ក៏​ដើម្បីរៀបចំកែលម្អសោភណ​ភាព និង​រៀបចំ​តំបន់សហគមន៍​ទេសចរណ៍ទាំងនេះឱ្យមានអនាម័យល្អ បរិស្ថានស្អាត និងមានរបៀបរៀបរយ ។កិច្ចការ​ទាំងនេះក៏មាន​ការចូល​រួមចង្អុល​បង្ហាញពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូ​បនីយ​កម្ម និងសំណង់ និជាប្រធានក្រុម​ការងាររាជ​រដ្ឋាភិបាលចុះជួយខេត្តកំពតផងដែរ។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តក៏បានរៀបចំរកទីតាំងថ្មីសម្រាប់សាងសង់លំនៅឋានជូនប្រជានេសាទចំនួន ១៣​គ្រួសារដែល​រស់​នៅលើខ្នងប្រឡាយផ្លូវទឹកចូលទៅកាន់សហគមន៍ដើម្បីយកប្រឡាយនោះធ្វើជាកន្លែងសម្រាប់​ទេសចរ​ជិះទូកកម្សាន្ត និងធ្វើដំណើរចូលមក​សហគមន៍តាមផ្លូវទឹកដោយមនោរម្យ ៕
អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner