វិចិត្រករប៉ាគីស្ថានយកស្លឹកឈើក្រៀមឆ្លាក់ជារូបមេដឹកនាំពិភពលោក
អ៉ីស្លាម៉ាបាត ៖ វិចិត្រករវ័យក្មេងជនជាតិប៉ាគីស្ថានម្នាក់ បានបង្កើតរូបភាពប្លែកៗដ៏គួរឱ្យទាក់ទាញ តាមរយៈការប្រើប្រាស់ស្លឹកឈើស្ងួត ឆ្លាក់ចេញជារូបមេដឹកនាំមួយចំនួននៅលើពិភពលោក។
វិចិត្រករឆ្នើម Kamran Khan មានវ័យ ១៩ឆ្នាំ បានរៀបរាប់ពីអាជីពរបស់ខ្លួនប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា លោកស្រឡាញ់ចូលចិត្តសិល្បៈបែបនេះតាំងពីតូចមកម្ល៉េះ ហើយលោកបានសិក្សាពីការឆ្លាក់រូបលើស្លឹកឈើនេះអស់រយៈពេល៣ឆ្នាំមកហើយ។
ស្នាដៃមួយចំនួនរបស់លោក មានដូចជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump, ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman និងរូបអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ជាដើម។
លោក Khan បន្ថែមថា ការឆ្លាក់រូបភាពលោក Trump នៅលើស្លឹកឈើ គឺខុសពីការបង្កើតរូបភាពទូទៅផ្សេងទៀត ព្រោះលោកមិនអាចកែសម្រួលកម្រិតពណ៌បានទេ ប៉ុន្តែពណ៌សក់ និងមុខរបស់មេដឹកនាំអាមេរិករូបនេះ គឺដូចមនុស្សពិតស្ទើរទាំងស្រុង។
លោក Khan បានបញ្ជាក់ទៀតថា នៅមុនពេលឆ្លាក់រូបភាពទាំងនេះ លោកបានដាក់ត្រាំស្លឹកឈើបីទៅបួនថ្ងៃ ក្រោយមកយកកាំបិតពិសេសមួយកាត់វា ដើម្បីចេញជារូបភាពទាំងនេះ ហើយរាល់ការបង្កើតរូបភាពនីមួយៗលោកត្រូវចំណាយពេល២ទៅ៣ ឬ៤ម៉ោងទើបរួចរាល់។
សម្រាប់គម្រោងនាពេលអនាគត វិចិត្រករវ័យក្មេងរូបនេះគ្រោងនឹងប្រែក្លាយចំណូលចិត្តរបស់លោក ឱ្យក្លាយទៅជាអាជីពថ្មីមួយសម្រាប់ខ្លួនឯង ជាពិសេសតំណាងឱ្យប្រទេសប៉ាគីស្ថាន ផ្សព្វផ្សាយវប្បធម៌ និងបង្ហាញទម្រង់សិល្បៈនេះទៅកាន់ពិភពលោក៕
ប្រភព ៖ Arab News ប្រែសម្រួល ៖ ឈឹម ទីណា