ថៃបដិសេធដំណឹងផ្ទុះជំងឺវីរុសណូរ៉ូ ឆ្លង ១,៤០០នាក់
បរទេស ៖ កាសែតបរទេសបានចុះផ្សាយថា មានការការផ្ទុះជំងឺវីរុស Norovirus ឆ្លងដល់មនុស្ស ជាង១,៤០០នាក់ នៅក្នុងខេត្ត Rayong ប្រទេសថៃ ប៉ុន្តែ កាសែតថៃ បានបដិសេធ ដោយអះអាងថា ជាព័ត៌មានក្លែងក្លាយ។
កាសែតឡាវ Laotian Times បានចុះផ្សាយ កាលពីសប្តាហ៍មុនថា មនុស្សសរុប ចំនួន១,៤៣៦នាក់ នៅក្នុងស្រុក Klaeng ខេត្ត Rayong បានធ្លាក់ខ្លួនឈឺ ដោយមានរោគសញ្ញារាគរូស បន្ទាប់ពីទទួលទានទឹក និងទឹកកកមានមេរោគ ដែលជាប្រភពនៃមេរោគ Norovirus ។
យ៉ាងណាមិញ បើតាមកាសែត Bangkok Post វិញ ក្រសួងសុខាភិបាលថៃបានច្រានចោលដំណឹងនេះ ដោយអះអាងថា ជា «ព័ត៌មានមិនពិត» ហើយបញ្ជាក់ថា ជារូបភាពនៅប្រទេសផ្សេង។ បើតាមប្រភព មានព័ត៌មានចុះផ្សាយថា សិស្ស និងគ្រូបង្រៀនជាង១,៤០០នាក់បានឆ្លងមេរោគ Norovirus បន្ទាប់ពីបានចូលរួម ក្នុងកម្មវិធីកីឡាមួយ កាលពីដើមខែវិច្ឆិកា កន្លងមក ប៉ុន្តែ ដំណឹងទាំងនោះ គឺក្លែងក្លាយ។ ក្រសួងបានប្រាប់ថា អ្នកដែលធ្លាក់ខ្លួនឈឺទាំងនោះ មិនបានឆ្លងមេរោគ norovirus ទេ ប៉ុន្តែ ឈឺព្រោះបាក់តេរី Escherichia coli ។ ក្រសួងបានដាស់តឿនសាធារណជនកុំឱ្យមានការភ័យស្លន់ស្លោ ព្រោះពួកគេអាចការពារខ្លួន ពីមេរោគ E.coli ដោយរក្សាអនាម័យ។
កាសែតថៃមួយនេះក៏បានដកស្រង់សម្តី របស់លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលផ្នែករោគវិទ្យា នៃសាកលវិទ្យាល័យ Chulalongkorn ដោយបានអះអាងថា មជ្ឈមណ្ឌលច្បាស់ពីជំងឺនេះ ព្រោះបានសិក្សាពីទម្រង់ផ្សេងៗ នៃមេរោគ norovirus អស់រយៈពេលជាង១០ ឆ្នាំមកហើយ។ លោកបានបញ្ជាក់ដែរថា ជំងឺនេះវាយលុក នៅរដូវរងារ ស្រដៀងនឹងជំងឺកូវីដ១៩ដែរ ដែលទាមទារឲ្យមានការរក្សាអនាម័យខ្ពស់៕
ប្រភពពី Laotiantimes និង Bangkok Post ប្រែសម្រួល៖ សារ៉ាត