នាយករដ្ឋមន្ត្រីអ៊ីស្រាអែលឡើងតុលាការ ទោះរវល់ជាប់ដៃធ្វើសង្គ្រាម
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃច័ន្ទ បានចូលបន្ទប់សវនាការ សម្រាប់ការកាត់ទោស ជុំវិញអំពើពុករលួយដែលកំពុងបន្ត។ លោក Netanyahu ត្រូវបានគេដឹងថា កំពុងមមាញឹកក្នុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដូចជា នៅហ្គាហ្សា, លីបង់ និងស៊ីរី ជាដើម។
លោក Netanyahu ប្រឈមមុខនឹងការចោទប្រកាន់ ពីបទស៊ីសំណូក, ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្តសាធារណៈ នៅក្នុងសំណុំរឿងចំនួនបី ដាច់ដោយឡែកពីគ្នា។ លោកគឺជានាយករដ្ឋមន្ត្រីដំបូងគេ របស់អ៊ីស្រាអែលដែល ដែលប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌ។
ករណីលោក Netanyahu គឺពាក់ព័ន្ធនឹងការចុះហត្ថលេខាលើឯកសារ អនុញ្ញាតឲ្យទិញ លក់ ក្រុមហ៊ុន វេបសាយ, ទូរគមនាគមន៍, អ៊ីនធឺណេត កាលពីឆ្នាំ២០១៤។ លោក នាយករដ្ឋមន្ត្រីបាននិយាយថា អ្វីដែលលោកធ្វើគឺជាកំណែទម្រង់ត្រឹមត្រូវសម្រាប់ជាតិ មិនមែនដើម្បីប្រយោជន៍បុគ្គលណាទេ។ ប៉ុន្តែ លោកអះអាងថា លោកច្រលំ ចុះហត្ថលេខា លើឯកសារឯកភាពនោះ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ក៏ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនផងដែរ ជុំវិញសង្គ្រាម នៅតំបន់ហ្គាហ្សា តាមរយៈការបន្តសងសឹកនឹងពួកហាម៉ាស់-ប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារ លើទឹកដីអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំមុន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត