ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់កំព្យូរទ័រជូនក្រសួងបរិស្ថាន សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កំព្យូរទ័រជូនក្រសួងបរិស្ថាន សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ។ ពិធីប្រគល់ និងទទួល កុំព្យុទ័របានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីនៃក្រសួងទាំង២ ។
ពិធីប្រគល់-ទទួលកុំព្យូទ័រ នាពេលនេះ បានធ្វើឡើងដោយផ្អែកតាមស្មារតី នៃអនុស្សរណៈ យោគយល់រវាងក្រសួងបរិស្ថាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចុះជាមួយគ្នា ក្នុងគោលបំណងរួមសហការគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរ គុណដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានសហការ សម្របសម្រួល លើការងារជួយពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលដល់ក្រសួងបរិស្ថាន ដើម្បីពង្រឹង និងពន្លឿនការងារឲ្យកាន់តែងាយស្រួល និងប្រសើរឡើងថែមមួយកម្រិតទៀត។ ការជំរុញបរិវត្តកម្មឌីជីថលនៅក្រសួងបរិស្ថាន និងរួមចំណែកកសាង រដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានបញ្ជាក់ផងដែរថា ដើម្បីចូលរួមអនុវត្តអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតប ទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រសួងបរិស្ថាន មិនរារែកក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឡើយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងដើម្បីគាំទ្រដល់តម្រូវការរបស់រាជរដ្ឋាភិបាល និងសង្គមកម្ពុជា ដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័សនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បញ្ជាក់ថា ការពង្រឹង និងការជំរុញបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការអាទិភាព ដើម្បីគោលដៅរួមក្នុងការបម្រើប្រជាពល រដ្ឋឲ្យកាន់តែប្រសើរឡើងជាលំដាប់ និងជាផ្នែកមួយនៃការចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីបេសកកម្មរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានអនុវត្តន៍ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ និងទិសដៅការងារដែលត្រូវអនុវត្តជាបន្តបន្ទាប់ទៀត ជូនអង្គពិធីផងដែរ ។
ឯកឧត្តម ជា វ៉ាន់ដេត លើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចង្អុលបង្ហាញនូវភាពចាំបាច់ក្នុងការគ្រប់គ្រងឱ្យបានលើហានិភ័យក្នុងលំហសាយប័រ និងការចាប់យកកាលានុវត្តភាពពីការរីកចំរើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើនផលិតភាព ជំរុញពិពិធកម្ម បង្កើតនិងលើកកម្ពស់គុណភាពការងារ។
ឯកឧត្តម ជា វ៉ាន់ដេត បានប្តេជ្ញាចិត្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលផ្នែកបច្ចេកវិទ្យាឌីជីថល នឹងជួយជំរុញការធ្វើបរិវត្តកម្មឌីជីថល នៅក្រសួងបរិស្ថានឲ្យទទួលបានជោគជ័យ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា