រថភ្លើងក្រោមដីវៀតណាម បើកថ្ងៃដំបូង មានអ្នកជិះ ១៥ម៉ឺននាក់

ហាណូយ ៖ រថភ្លើងក្រោមដី ឬ Metro
ដំបូងរបស់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ទទួលបានអ្នកដំណើរ ចំនួន១៥ម៉ឺននាក់ នៅក្នុងថ្ងៃបើកដំណើរការដំបូង ប៉ុន្តែ ជាការជិះ មិនគិតប្រាក់ ៣០ថ្ងៃ​ នេះបើតាមកាសែត VNexpress ។

ខ្សែរថភ្លើងក្រោមដី នៅចន្លោះរវាងតំបន់ Ben Thanh និង Suoi Tien ត្រូវបានដាក់ឲ្យដំណើរ ជាលើកដំបូង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពន្យាពេលដំណើរការ ជាង១០ឆ្នាំ។

លោក Le Minh Triet នាយកក្រុមហ៊ុនផ្លូវរថភ្លើង HURC1 ដែលជាអង្គភាពគ្រប់គ្រងប្រតិបត្តិការរថភ្លើងក្រោមដីមួយនេះ បាននិយាយថា មនុស្សច្រើនសម្រុកមកជិះ ព្រោះជាថ្ងៃអាទិត្យ ហើយក៏ចង់ទទួលបានបទពិសោធន៍ថ្មី នៅលើខ្សែរថភ្លើងនេះ។

កាសែត VNexpress បានចេញផ្សាយថា បន្ទាប់ពីជិះមិនគិតថ្លៃ១ខែ អ្នកដំណើរនឹងមានជម្រើស ក្នុងការទិញសំបុត្រជិះ ក្នុងនោះ មានតម្លៃសម្រាប់ជិះតែមួយដង, ជិះមួយថ្ងៃ, បីថ្ងៃ ឬ ជាប្រចាំខែ។ បើសំបុត្រជិះម្តង នឹងមានតម្លៃ ចាប់ពី ០.២៧ ទៅ ០.៧៩ ដុល្លារអាមេរិក អាស្រ័យលើចម្ងាយផ្លូវធ្វើដំណើរ។ ផ្លូវរថភ្លើងក្រោមដីនេះ បានចំណាយថវិកាសាងសង់ សរុប១.៧២ពាន់លានដុល្លារអាមេរិក។ ដំបូងឡើយ គ្រោងថា បញ្ចប់ការសាងសង់ ចាយពេលត្រឹម ៦ឆ្នាំ ប៉ុន្តែ ពន្យាពេល ១២ឆ្នាំ មកដល់បច្ចុប្បន្ន ទើបដំណើរការ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner