ទីភ្នាក់ងារយូអិន ៖ សង្គ្រាមហ្កាហ្សាឆក់យកជីវិតកុមារម្តងម្នាក់ៗស្ទើរគ្រប់ម៉ោង
ហ្កាហ្សា ៖ ទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃអង្គារថា កុមារម្តងម្នាក់ៗត្រូវបានសម្លាប់រៀងរាល់ម៉ោងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយសារសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។
ទីភ្នាក់ងារ UNRWA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មានកន្លែងសម្រាប់កុមារទេ… ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមានកុមារចំនួន ១៤,៥០០នាក់ហើយ ត្រូវបានរាយការណ៍ថា បានស្លាប់ក្នុងសង្គ្រាមហ្កាហ្សា។
យោងតាមអង្គការយូនីសេហ្វបានឲ្យដឹងថា ការសម្លាប់កុមារមិនអាចចាត់ទុកជាទង្វើសុចរិតទេ ភាគច្រើនអ្នកដែលនៅរស់រានមានជីវិត មានស្នាមជាច្រើន ពោលគឺរបួសទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពួកគេកំពុងបាត់បង់ជីវិត និងអនាគត ហើយភាគច្រើនជាក្តីសង្ឃឹមរបស់ពួកគេ។
អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់បានស្លាប់ និងប្រហែល ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ចំណែកអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់ ដោយសារការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបបានកើនឡើងដល់ ៤៥,៣៣៨នាក់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា