បណ្ណាល័យមេគង្គ-ឡានឆាង ទី២ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ
(កណ្តាល)៖ បណ្ណាល័យមេគង្គ-ឡានឆាង ដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង អំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា និងអង្គការពាក់ព័ន្ធនានា ជាពិសេសម្ចាស់អំណោយដែលបានជួយកែលម្អបណ្ណាល័យមេគង្គ-ឡានឆាង នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលបណ្ណាល័យនេះនឹងក្លាយជារតនសម្បត្តិ ។
លោក អ៊ូ ឈាន់ពីង ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានគាំទ្រប្រសាសន៍ លោកស្រី អ៊ីន ជា នាយករងនិពន្ធនាយកនៃមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស ដែលបានអះអាងថា កម្មវិធីសប្បុរសធម៌កម្ពុជា «វប្បធម៌អំណានមេគង្គ-ឡានឆាង» ឆ្នាំ២០២៤ បានជំរុញឱ្យ«បណ្ណាល័យមេគង្គ-ឡានឆាង» បើកទំព័រថ្មីរបស់ខ្លួននៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលមិនត្រឹមនាំមកនូវចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានការយកចិត្តទុកដាក់ និងក្តីសង្ឃឹមក្នុងនាមជាដៃគូរបស់សិស្សានុសិស្សក្នុងការស្វែងរកពុទ្ធិតាមរយៈអំណានសៀវភៅដែលរួមចណែកផ្តល់ពន្លឺរស្មីអនាគតដល់កុមារកម្ពុជា ។
លោកបានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១០នៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយក៏ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ផងដែរ ។
ក្រៅពីទទួលបានបណ្ណាល័យមេគង្គ-ឡានឆាង លោក ស៊ុ លេខ មេឃុំខ្ពប បានបញ្ជាក់ថា សិស្សានុសិស្សសរុបចំនួន ២៣៣០នាក់ នៅក្នុងឃុំខ្ពប ក៏បានទទួលកាតាបនិងសម្ភារៈសិក្សាផងដែរ ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះ បណ្ណាល័យមេគង្គ-ឡានឆាង គឺជាវេទិកាដ៏មានតម្លៃសម្រាប់ការអប់រំសិស្សានុសិស្ស និងការរួមចំណែកដល់កិច្ចអភិវឌ្ឍឃុំ ។
គួរបញ្ជាក់ថា តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នេះជាបណ្ណាល័យមេគង្គ-ឡានឆាង ទី២ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយបណ្ណាល័យមេគង្គ-ឡានឆាង ទី១ ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រហារ ភូមិព្រះស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា











