ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការកសាងជាតិចាំបាច់ណាស់ទាមទារនូវការឯកភាពជាតិ និងត្រូវចេះរួមគ្នាកសាងជាតិ

(ភ្នំពេញ)៖ ការកសាងជាតិចាំបាច់ណាស់វាទាមទារនូវការឯកភាពជាតិ និងត្រូវចេះរួមគ្នាកសាងជាតិ ចេះសាមគ្គីភាព ចេះអត់ឱនយោគយល់អព្យាស្រ័យគ្នា ដែលជាកត្តាមួយមិនអាចខ្វះបាន ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលរបស់កម្មវិធីច្បាប់ និងយុត្តិធម៌ និងប្រគល់បណ្ណសរសើរ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សារបស់ក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយសំអាល់ បានបញ្ជាក់ថា ៖ រយៈពេលជាងមួយឆ្នាំកន្លងមក ក្រសួងបានដាក់ទិសដៅជាបន្តបន្ទាប់ ដើម្បីឱ្យប្រទេសជាតិបោះជាជំហ៊ានៗប្រកបដោយនិរន្តភាព ។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលក្រសួងបានដាក់ទិសដៅសំខាន់ៗមួយចំនួន ដើម្បីភាពខ្លាំង និងទទួលជោគជ័យនាថ្ងៃខាងមុខ ពិសេសជាងនេះទៅទៀត គឺមិនភ្លេចនោះទេនូវការរក្សាស្ថេរភាព ដំណើរការស្ថាប័ន រក្សាស្ថានភាពបុគ្គលិក ជ្រោងទង់ឯកភាពផ្ទៃក្នុងជាដើម ។

បង្កើតបរិយាកាសសង្គមជាតិគ្មានវិវាទ ក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្កើតគោលនយោបាយចុះបញ្ជីក្បាលដីបង្ហើយ ហើយមកដល់ពេលនេះក្បាលដីចំនួន ៣លាន ៤សែន ត្រូវបានចុះបញ្ជីរួចរាល់ ហើយក្បាលដីដែលមិនទាន់ចុះបញ្ជីមានប្រមាណ ៧៥សែនក្បាលដីទៀតប៉ុណ្ណោះនឹងអស់ហើយ ។

កម្ពុជាមានប្រមាណជាង ១៣លានក្បាលដី ដោយឡែកសម្រាប់សុវត្ថិភាពចំពោះការកាន់កាប់អចលនទ្រព្យ គឺយើងនឹងអាចរក្សាបាននូវចំណុចសំខាន់ៗ២ គឺសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច ហើយការដោះស្រាយបញ្ហាជម្លោះវិវាទដីធ្លី ធ្វើឱ្យបាត់បង់នូវជម្លោះវិវាទផង និងពលរដ្ឋរស់នៅមានលំនឹងផ្លូវចិត្តផងដែរ ។ យើងវាស់វែងបានជាង ៣លាន ៤សែនក្បាលដី គឺមានសភាពស្ងប់ស្ងាត់មានន័យការជម្លោះវិវាទដីធ្លី បានដោះស្រាយមួយផ្នែកធំ ហើយជម្លោះវិវាទក៏ស្ងប់ស្ងាត់ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បញ្ជាក់បន្ថែមថា អង្គរវត្តក៏ជាយុទ្ធសាស្រ្តមួយទៀតក្នុងសេដ្ឋកិច្ច បញ្ហាបុរី ក៏ត្រូវដោះស្រាយសមស្របមិនឱ្យកើតបញ្ហាបន្តទៀត យើងបានដោះស្រាយច្រើនករណី និងពេលនេះបានដោះស្រាយច្រើនស្ទើរអស់ផងដែរ ដែលកត្តានេះនាំឱ្យប្រទេសជាតិមានសន្តិសុខនយោបាយ និងសេដ្ឋកិច្ចជាតិ ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ប្រធានចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងថាបច្ចុប្បន្នមានសមាជិក ១៨០០០នាក់ ដោយក្នុងនេះមានទស្សនវិស័យលើកសាងកម្លាំង និងឯកភាពសមាជិក ការរស់នៅសុខសាន្ត និងមានកិត្តិយស ។ ជាមួយគ្នានេះមិនភ្លេចទេជួយជ្រោមជ្រែងសង្គមវប្បធម៌របស់កម្ពុជា ហើយវគ្គបណ្តុះបណ្តាលនេះក៏ជាផ្នែកមួយសំខាន់ទៀត សម្រាប់ការចូលរួមជួយដល់សង្គម ជួយផ្តល់មតិយោបាល់ និងបានយល់ដឹងពីចំណុចល្អ អាក្រក់ ពីអ្វីដែលត្រូវច្បាប់ និងខុសអាចកសាងសង្គមរស់នៅសុខក្សេមក្សាន្ត ៕

អត្ថបទ ៖ លោកជិន ម៉ាដេប៉ូ
រូបភាព ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner