រុស្ស៊ី នឹងបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជា បន្ថែមទៀត នៅឆ្នាំ២០២៥ ខាងមុខ
(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំមន្ត្រីស្ថានទូត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា កម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៥ ខាងមុខ រូស្ស៊ី នឹងបង្កើន អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមទៀត ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានរំលឹកអំពីទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា និងទាន់ពេលវេលា របស់ប្រជាជនរុស្សី និងរដ្ឋាភិបាលអតីតសហភាពសូវៀត ដល់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិឡើងវិញ ជាពិសេស នៅក្នុងដំណាក់កាលដ៏លំបាកបំផុត ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ។
ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានគូសបញ្ជាក់ពីសារៈសំខាន់នៃ “ការអនុវត្តការទូតសភា” ដែលជាគោលនយោបាយ អាទិភាពចម្បងមួយ ក្នុងចំណោមអាទិភាពសំខាន់ពីរ សម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅ ពង្រឹងពង្រីកចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរ រវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ, កម្ពុជា រុស្សី, ក៏ដូចជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាមិត្តផ្សេងទៀត ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ នៅក្នុងតំបន់ និងនៅក្នុងពិភពលោក ។
ដើម្បីធ្វើឱ្យសម្រេចទិសដៅដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តម អនុប្រធានទី១ បានលើកឡើងនូវគំនិតផ្តួចផ្តើម ស្តីពីការជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក កិច្ចសហប្រតិបត្តិការនៅក្នុងអង្គការអន្តរសភានានា ទាំងនៅក្នុងតំបន់ និងអន្តរជាតិ និងការបង្កើតក្រុមមិត្តភាព រវាងស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេស ការរៀបចំជាទៀងទាត់នូវ “កិច្ចពិគ្រោះយោបល់នយោបាយ រវាងស្ថាប័ននីតិប្បញ្ញត្តិ” ដើម្បីចែករំលែកទស្សនៈ និងគោលជំហរ លើកិច្ចការតំបន់និងអន្តរជាតិ ដែលមានផលប្រយោជន៍រួម ក្នុងបរិបទដែលស្ថានភាព ពិភពលោកបច្ចុប្បន្ន កំពុងមានការវិវត្តប្រែប្រួលឆាប់រហ័ស និងពិបាកប៉ាន់ស្មាន ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានស្នើឱ្យមានការបង្កើន កិច្ចសហប្រតិបត្តការ ក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ និងបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលរុស្សី ដែលបាននិងកំពុងជួយឧបត្ថម្ភ ដល់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា ដែលជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិរីកចម្រើន។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងប្រកបដោយផ្លែផ្កា ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានតាំងពីជំនាន់អតីតសហភាពសូវៀត រាប់ទាំងនៅក្នុងវេទិកាអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ព្រមទាំងបានថ្លែងអំណរគុណ ចំពោះកម្ពុជា ដែលបានប្រកាន់ជំហរ ដោយឈរលើគោលការណ៍ និងប្រកបដោយស្ថាបនា លើបញ្ហាសំខាន់ៗ ក្នុងរបៀបវារៈតំបន់និងអន្តរជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកថា ឆ្នាំ២០២៥ ខាងមុខនេះ គឺគម្រប់ខួប ៦៩ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជា-រុស្ស៊ី ហើយរុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អបន្ថែមទៀត ដែលក្នុងនោះ រួមទាំងការបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជា ការជំរុញសន្ទុះពាណិជ្ជកម្មទ្វេភាគី កំណើនទេសចរ និងការផ្លាស់ប្តូរវប្បធម៌ ។
បន្ថែមលើការឯកភាពទៅនឹងសំណើដែលបានលើកឡើងខាងដើមរបស់ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីបានពាំនាំនូវបំណងរបស់ថ្នាក់ដឹកនាំរុស្ស៊ី ក្នុងការលើកកម្ពស់វិស័យ នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេស ផ្ដោតលើវិស័យសេដ្ឋកិច្ច កសិកម្ម សុខាភិបាល និងការបណ្តុះបណ្តាលបច្ចេកទេស ជាដើម ៕
ដោយ ៖ វណ្ណលុក