ក្រសួងប្រៃសណីយ៍ ក្រសួងស្ថាប័ន វិស័យពាក់ព័ន្ធ រួមគ្នាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី «កិច្ចការពារទិន្នន័យបុគ្គល»
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ផល្លៈ និង ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ពីភាគីពាក់ព័ន្ធ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ សរុបប្រមាណ ១៧០នាក់ នៅសណ្ឋាគារ សុខា ភ្នំពេញ។
ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា សេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល ត្រូវបានចែករំលែកសេចក្តិព្រាងបឋមទៅស្ថាប័នឯកជន សមាគម គ្រឹះស្ថានសុខាភិបាល មេធាវី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គទួត ក៏ដូចជាដៃគូ អភិវឌ្ឍន៍ និងអ្នកជំនាញការបរទេស ចំនួន ៥០ ដោយទទួលបានធាតុចូល ៩០ ត្រឡប់មកវិញ ។ ជាមួយនិងធាតុចូលទាំងអស់នេះ ក្រុមការងាជំនាញរបស់ក្រសួងបានចំណាយពេល ៦ខែក្នុងការពិនិត្យ មើលនូវធាតុចូលទាំសអស់នេះ និងបានធ្វើការ ចងក្រងឡើងវិញដើម្បីយកមកចែករំលែកពិភាក្សានេះ ត្រូវចំណាយពេលមួយឆ្នាំពេញ ។
ឯកឧត្តម កែវ សុទ្ធិ បន្ថែមថា សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល នាពេលនេះ គឺជាការប្រមូលធាតុចូល និងចែករំលែក ពិភាក្សា ជាមតិយោបល់ពីកូនខ្មែរ បន្ទាប់ពីមានការផ្តល់ការជួបជជែកពីអ្នកជំនាញបរទេស ដែលបានសំជួបជជែកពិភាក្សានាពេលកន្លងមក។ «សេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល» គឺជាច្បាប់របស់ប្រទេសខ្មែរ សរសេរដោយកូនខ្មែរ ដែលនេះគឺជាច្បាប់ទី២ ដែលសរសេរដោយក្រុមការងារជំនាញរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនោះច្បាប់ទី១ គឺសន្តិសុខសាយប័រ ដែលកំពុងតែពិគ្រោះយោបល់នៅទីស្តីការគណៈរដ្ឋមន្រ្តី ។
ឯកឧត្តម កែវ សុទ្ធិ បានលើកទឹកចិត្តដល់ អ្នកចូលរួមទាំងអស់ដែលមកពីគ្រប់វិស័យពាក់ព័ន្ធ បានចូលរួមជជែកពិភាក្សាយ៉ាងសកម្ម ដើម្បីអង្គសិក្ខាសាលាទទួលបាននូវគំនិតយោបល់ថ្មីៗបន្ថែមទៀត សម្រាប់ជាធាតុចូលដើម្បីធ្វើឱ្យខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះកាន់តែទទួលបាននូវគុណភាព និងប្រសិទ្ធិភាព។
គោលបំណងនៃការចងក្រង និងបង្កើតច្បាប់ស្តីពី «ការពារទិន្ន័យបុគ្គល» គឺដើម្បីការពារទិន្ន័យរបស់យើងទាំងអស់គ្នា ដោយតម្រូវឱ្យមានការជជែកវែកញ៉ែកនិងផ្តល់ជាមតិយោបល់គ្នាទៅលើពាក្យពេចន៍ងាយយល់ទៅដល់ការប្រើប្រាស់ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា








