អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួនជូនដល់រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក.)​នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤​បានរៀបចំសិក្ខាសាលា​ផ្សព្វផ្សាយ​​អំពី​​បេសកកម្មការ​ងាររបស់ខ្លួនជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៃរដ្ឋបាល​ខេត្តសៀមរាប ។

ពិធីបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជាសមាជិក អ.ដ.ក. តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ក៏មានការអញ្ជើញ​ចូលរួមពី ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធាន​ក្រុមប្រឹក្សាខេត្តសៀមរាប និង លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ឯកឧត្តម​ប្រធានសាលាដំបូង, ឯកឧត្តមព្រះរាជអាជ្ញា​អមសាលាដំបូង, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃអ.ដ.ក., សមាជិកក្រុម​ប្រឹក្សាខេត្ត , តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត, រដ្ឋបាលក្រុង ស្រុក ប្រធាន​ការិយា​​ល័យប្រជាពលរដ្ឋខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ប្រមាណ ៣០០នាក់ចូលរួម ។

ឯកឧត្តម ប៉ូច សោភ័ណ បានបញ្ជាក់អំពីគោលបំណងនៃការបង្កើត​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. ដែលជាយន្តការថ្នាក់ជាតិមួយ ធ្វើការដោះស្រាយវិវាទក្រៅ​ប្រព័ន្ធ​តុលាការ បន្ថែមលើយន្តការ​ដែលមានស្រាប់ សំដៅលើកកម្ពស់​គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយ​វិវាទក្រៅ​ប្រព័ន្ធតុលាការ ក្នុង​គោលបំណងបង្ខិតសេវាដោះស្រាយវិវាទ​ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, សម្រុះសម្រួលដោះ​ស្រាយវិវាទ​មួយដែលអាចធានាបាននូវបរិយាកាលសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះ​សំណុំរឿងនៅតាមតុលាការ ។

ឯកឧត្តមបន្តថា អាជ្ញាធរជាតិថ្មីនេះ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏​ដូចជាតួអង្គ​ពាក់ព័ន្ធ​នានា សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយ វិវាទជូនប្រជាពល​រដ្ឋនៅ​មូលដ្ឋាន ដោយប្រើវិធីសម្រុះសម្រួល​ផ្សះផ្សា​វិវាទក្រៅប្រព័ន្ធតុលាការ ។

ឯកឧត្តមបានបន្តថា ដើមី្បលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ឱ្យ​កាន់តែ​ប្រសើរឡើង គឺត្រូវការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទ ក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការបញ្ចប់វិវាទ ឬ ការំលត់វិវាទដែលកើតមាន នៅមូលដ្ឋានជាក់​ស្តែង សំដៅចូលរួមចំណែកកាត់បន្ថយនូវសំណុំរឿង នៅតាម​សាលាជម្រះក្តី ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាព​ពាក់ព័ន្ធជុំវិញខេត្តសៀមរាបទាំងអស់ ឱ្យ​ជួយធ្វើការ​ផ្សព្វផ្សាយបន្តឱ្យ​បានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យ​សាធារណជន ពិសេស​ប្រជាពលរដ្ឋដែលមានតម្រូវការ​ប្រើប្រាស់សេវាដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការនេះបានទទួលព័ត៌មានច្បាស់លាស់  អំពីការសម្រុះ​សម្រួលដោះស្រាយ  វិវាទក្រៅប្រព័ន្ធតុលាការដែលធ្វើឡើង ក្នុងក្របខ័ណ្ឌ នៃ អ.ដ.ក. នេះ។

សូមជម្រាបថា ខេត្តសៀមរាប គឺជាខេត្តទី១១ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពត និងខេត្តកំពង់ធំ ដែល អ.ដ.ក. បានរៀបចំសិក្ខា​សាលា​ផ្សព្វផ្សាយអំពីបេសកកម្មរបស់​ខ្លួន។ នៅពេលខាងមុខ អ.ដ.ក. នឹងបន្តរៀបចំកម្មវិធីនេះឱ្យបានដល់​គ្រប់រដ្ឋបាល ខេត្ត​ទូទាំង​ប្រទេស ៕
ដោយ៖ប៊ុន រដ្ឋា

ads banner