ទូតវៀតណាមចប់អាណត្តិ វាយតម្លៃខ្ពស់ពីការរីកចម្រើន នៃការទូតរបស់កម្ពុជា
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិ បេសកកម្មនៅកម្ពុជា បានវាយតម្លៃខ្ពស់ ពីការរីកចម្រើន នៃការទូតរបស់កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ ដែលបាននាំមកនូវកិត្យានុភាព និងតួនាទីយ៉ាងសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ និងកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។
ការបញ្ជាក់របស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ដូច្នេះ ក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញាតិឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។
បន្ទាប់ពីបានបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ក្នុងនាមព្រះករុណា ព្រះមហាក្សត្រ កម្ពុជា សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួប ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងសហការី មុនពេលដែល ឯកឧត្តមឯកអគ្គរដ្ឋទូតចាកចេញពីកម្ពុជា ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងនូវសេចក្តីដឹងគុណផងដែរ ចំពោះ សម្តេចតេជោ ដែលបានគាំទ្រដល់ឯកឧត្តមផ្ទាល់ ក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ និងជាពិសេស ក្នុងរយៈពេលដែលឯកឧត្តមជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ទទួលបានជោគជ័យ និងសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ដែលបានផ្តល់គ្រឿងឥស្សរិយយសជូន ឯកឧត្តម ដែលនេះ គឺជារង្វាន់ដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន សម្រាប់រូបឯកឧត្តម ក៏ដូចជាស្ថានទូតវៀតណាម។
ឯកឧត្តមឯកអគ្គរដ្ឋទូត មានក្តីសប្បាយរីករាយ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៥៧ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូត រហូតមកដល់បច្ចុប្បន្ន មានការរីកចម្រើនយ៉ាងល្អប្រសើរឥតឈប់ឈរ លើគ្រប់វិស័យ រួមមាន៖ វិស័យនយោបាយ ការទូត យោធា សន្តិសុខ អប់រំ ស្ថាប័ន ទំនាក់ទំនងសភា អាជ្ញាធរតាមបណ្តាខេត្ត និងការងារការទូតទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការអភិវឌ្ឍប្រទេសយើងទាំងពីរ។
ឯកឧត្តម មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធាន និងគណបក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម តូ ឡឹម ជាប្រធាន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត នាពេលខាងមុខ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីរីករាយ ដោយបានឃើញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរមានការកើនឡើង ដែលជាកត្តាសត្យានុម័ត។ ប្រសិនបើគ្មានមានការគាំទ្រ ពីទំនាក់ទំនងសេដ្ឋកិច្ចទេ ទំនាក់ទំនយោបាយក៏មិនអាចរឹងមាំដែរ ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ច គាំទ្រដល់ទំនាក់ទំនងនយោបាយ ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរ គួរបន្តខិតខំប្រឹងប្រែង ពង្រឹងពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេស ការធ្វើដំណើរតាមផ្លូវគោក។
សម្តេចតេជោបានបន្ថែមថា ក្នុងរយៈពេល ៥៧ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអស់ ៤៥ឆ្នាំ និងបានប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ