តំណាងរដ្ឋមន្ត្រីការបរទេស សំណេះសំណាល ជាមួយនិស្សិតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ ឆ្នាំសិក្សា២០២៥
(ភ្នំពេញ)៖ ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាតំណាងរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ នៅទីស្ដីការក្រសួង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។
នៅក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរ និងកោតសរសើរដល់ និស្សិតជ័យលាភីទាំងអស់ដែលបានទទួលបានអាហារូបករណ៍នេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែក នូវបទពិសោធផ្ទាល់ខ្លួនដែលបានឆ្លងកាត់ការសិក្សា និងរស់នៅក្រៅប្រទេស និងជំរុញចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ចូលរួមសកម្មភាព ជាមួយសហគមន៍កម្ពុជា និងចែករំលែក នូវវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយអ្នកទាំងនោះ។
ក្នុងនាមជានិស្សិតបរទេសម្នាក់ គឺជា ឯកអគ្គរាជទូតកម្ពុជាម្នាក់ ដែលតំណាងកម្ពុជា និងផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌របស់កម្ពុជា ទៅកាន់សង្គមអូស្ត្រាលី និងនូវែលសេទ្បង់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់ និស្សិតជ័យលាភីទាំងអស់ នូវកាតព្វកិច្ចរបស់ខ្លួន វិលត្រឡប់មកប្រទេសវិញបន្ទាប់ពីបញ្ចប់ការសិក្សា ទើបកម្ពុជាមិនជួបប្រទះនឹងបញ្ហារំហូរខួរក្បាលទៅក្រៅប្រទេស។
តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានផ្ដល់ដំបូន្មាន ដ៏ថ្លៃថ្លា និងបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង រៀនសូត្រក្រេបយកចំណេះដឹងឱ្យបានទូលំទូលាយក្នុងជំនាញរបស់ខ្លួន ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ៕
ដោយ ៖ សួង ពិសិដ្ឋ