Toyota គ្រោងសង់រោងចក្រផលិត Lexus អគ្គិសនីនៅចិន

បរទេស៖ ប្រភពព័ត៌មានបានឱ្យដឹង កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនយក្សជប៉ុន Toyota គ្រោងនឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន តែរោងចក្រនេះនឹងផលិតផ្តាច់មុខ តែម៉ាកប្រណីត Lexus ប្រភេទ EV តែប៉ុណ្ណោះ។

កាសែត Japantimes បានចេញផ្សាយ ដោយបានយោងតាមប្រភព ដែលដឹងពីរឿងនេះថា ក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនេះ កំពុងចរចាជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យរោងចក្រនេះ ក្លាយជាប្រតិបត្តិការផ្តាច់មុខរបស់ Toyota ទាំងស្រុង បន្ទាប់ពីមានបទប្បញ្ញត្តិការវិនិយោគបរទេស ពីរដ្ឋាភិបាលចិន។ បទប្បញ្ញត្តិនេះ ធ្លាប់ត្រូវបាន
ក្រុមហ៊ុនឡានអគ្គិសនី យក្ស Tesla របស់សហរដ្ឋអាមេរិក ទទួលបាន ហើយបានសាងសង់រោងចក្រផលិតទាំងស្រុង នៅក្នុងទីក្រុងតែមួយរួចហើយ ដោយក្លាយជាក្រុមហ៊ុនផលិតរថយន្តបរទេសដំបូងគេ ដែលទាញយកអត្ថប្រយោជន៍ ពីបទប្បញ្ញត្តិនេះ។

ប្រភពបានបន្តថា Toyota មានបំណងសាងសង់រោងចក្រ ដែលបានគ្រោងទុកនេះ ឱ្យដំណើរការ នៅដើមឆ្នាំ២០២៧។ ប៉ុន្តែអ្នកពាក់ព័ន្ធក្នុងការចរចាបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota នឹងនៅតែត្រូវការចរចាលក្ខខណ្ឌបន្ថែមទៀត ជាមួយសមភាគីចិន៕

ប្រភពពី Japantimes ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner