អ្នកវិទ្យាសាស្រ្តរកឃើញខ្មោចកូនដំរីមានអាយុកាលជាង ៥ម៉ឺនឆ្នាំ

មូស្គូ ៖ អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានបង្ហាញសាកសពកូនដំរីមួយក្បាល ដែលត្រូវបានគេជឿជាក់ថា មានអាយុកាលប្រហែល ៥០,០០០ឆ្នាំមកហើយ។ គិតមកទល់ពេលនេះ ដំរីប្រភេទនេះ ត្រូវបានគេរកឃើញចំនួន៦ក្បាលប៉ុណ្ណោះ ក្នុងនោះ ៥ក្បាលនៅរុស្ស៊ី និងមួយក្បាលទៀតនៅកាណាដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

ខ្មោចកូនសត្វដំរីម៉ាំមុតនេះ មានដងខ្លួនស្រដៀងគ្នានឹងសត្វកូនដំរីសម័យកាលបច្ចុប្បន្ន ហើយវាត្រូវបានរកឃើញនៅមាត់ភ្នំភ្លើង Batagaika មានជម្រៅ ៨០ម៉ែត្រ ដែលមាត់ភ្នំភ្លើងនេះកាន់តែរីកធំដោយសារបម្រែបម្រួលអាកាសធាតុ នឯតំបន់ Yakutia ស្ថិតនៅដាច់ស្រយាលនៃតំបន់ស៊ីបេរី របស់ប្រទេសរុស្ស៊ី។ ឥឡូវនេះក្រុមអ្នកស្រាវជ្រាវកំពុងធ្វើពិសោធន៍សាកសពកូនដំរីនោះ។

កូនសត្វដំរីម៉ាំមុតនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា Yana វាជាកូនដំរីញីដែលទើបនឹងមានអាយុប្រហែល ១ឆ្នាំ។ វាមានទម្ងន់នប្រហែល ១១០គីឡូក្រាម, កម្ពស់ ១,២០ម៉ែត្រ និងប្រវែងជាង ២ម៉ែត្រ។ ពេលនេះអ្នកវិទ្យាសាស្ត្រកំពុងធ្វើតេស្តដើម្បីបញ្ជាក់ថាវាស្លាប់នៅពេលណា។

កាលពីខែមុន អ្នកវិទ្យាសាស្ត្រនៅក្នុងតំបន់ស៊ីបេរីដដែល ក៏ទើបបង្ហាញសាកសពរបស់សត្វឆ្មាជំនាន់បុរាណ ដែលគេជឿជាក់ថា មានអាយុកាលប្រហែល ៣២,០០០ឆ្នាំ។ ហើយកាលពីដើមឆ្នាំនេះ សាកសពរបស់ឆ្កែចចកមានអាយុកាល ៤៤,០០០ឆ្នាំក៏ត្រូវបានគេរកឃើញផងដែរ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner