មេដឹកនាំអ៊ីស្រាអែលផ្ញើសារបន្តប្រយុទ្ធ ក្នុងថ្ងៃបុណ្យណូអែល
បរទេស ៖ អំឡុងការថ្លែងសារ ក្នុងឱកាសបុណ្យណូអែលឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ បានលើកឡើងថា មានការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ពីក្រុមគ្រិស្តបរិស័ទ ទូទាំងពិភពលោក សម្រាប់ការបន្តប្រយុទ្ធរបស់អ៊ីស្រាអែល ប្រឆាំងនឹងអ្វី ដែលលោកហៅថា «កម្លាំងនៃអំពើអាក្រក់»។
គួរបញ្ជាក់ថា គ្រិស្តសាសនិក នៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន កំពុងរៀបចំពិធីបុណ្យណូអែល ដ៏ស្រងូតស្រងាត់ ក្នុងពេលដែលសង្រ្គាម នៅតំបន់ ហ្គាហ្សា ស្ទ្រីប បានអូសបន្លាយ ដល់ឆ្នាំទីពីរ ជាប់ៗគ្នា។
លោក Netanyahu បាននិយាយថា «អ្នកបានឈរនៅខាងយើង ដោយអត់ធ្មត់ និង ជាប់លាប់ ខណៈអ៊ីស្រាអែល ការពារអរិយធម៌របស់យើង ប្រឆាំងនឹងអំពើព្រៃផ្សៃ»។ លោកបន្តថា «យើងស្វែងរកសន្តិភាពជាមួយអ្នកដែលប្រាថ្នាសន្តិភាព ជាមួយយើង ប៉ុន្តែ យើងនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពាររដ្ឋ ជ្វីហ្វ តែមួយ ជាឃ្លាំង និងជាប្រភពនៃមរតករួម របស់យើង»។
លោក Netanyahu បាននិយាយទៀតថា «អ៊ីស្រាអែល ដឹកនាំពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងនៃអំពើអាក្រក់ ប៉ុន្តែ ការប្រយុទ្ធរបស់យើង មិនទាន់ចប់នៅឡើយទេ។ ដោយមានការគាំទ្ររបស់អ្នក និងដោយមានជំនួយពីព្រះ ខ្ញុំធានាចំពោះអ្នកទាំងអស់គ្នាថា យើងនឹងយកឈ្នះ»។
គួរបញ្ជាក់ថា សង្រ្គាមនៅហ្គាហ្សា បានផ្ទុះឡើង កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាសលើទឹកដីអ៊ីស្រាអែល ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សហគមន៍គ្រិស្តសាសនា នៅអ៊ីស្រាអែល និង ទឹកដីប៉ាឡេស្ទីន។ យុទ្ធនាការយោធា ជាបន្តបន្ទាប់ របស់អ៊ីស្រាអែលនៅហ្គាហ្សា បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ជាង៤៥,៣០០នាក់ ដែលភាគច្រើន គឺជាជនស៊ីវិល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត