ប្រកួតវាយកូនគោលជើងឯកសហព័ន្ធ ២០២៤ ពិតជាស្វិតស្វាញ មុនក្លាយបេក្ខភាពជម្រើសជាតិ ត្រៀមស៊ីហ្គេម ២០២៥
(ភ្នំពេញ)៖ ថ្លែងប្រាប់សារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតកីឡាវាយកូនគោលជ្រើសរើសជើងឯកសហព័ន្ធកីឡាវាយកូនគោលប្រចាំឆ្នាំ២០២៤ លោកឧកញ៉ា ឡោក ដារិទ្ធ អគ្គលេខាធិការរង សហព័ន្ធ បានអះអាងថា ការប្រកួតរយៈពេល៣ថ្ងៃនេះ កីឡាករ កីឡាការិនីបានចូលរួមប្រកួតប្រជែងគ្នាស្វិតស្វាញយ៉ាងខ្លាំង។ គុណភាពកីឡាករ កីឡាការិនវាយកូនគោលកម្ពុជាវិវឌ្ឍលឿន ក្នុងការពង្រឹងសមត្ថភាពបច្ចេកទេសកាន់តែល្អប្រសើរជាងប្រកួតមុនៗ។ ជាលទ្ធផល កីឡាករ អ៊ឹម រាហ៊ុល និងកីឡាការិនី កាន់ វង់ ដណ្តើមបានជ័យលាភី ការប្រកួតជើងឯកសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ប្រចាំឆ្នាំ២០២៤។
អគ្គលេខាធិការរងរូបនេះបន្ថែមថា ចំពោះការជ្រើសរើសបេក្ខភាពកីឡាករ កីឡាការិនីជម្រើសជាតិមិនទាន់បានកំណត់នៅឡើយទេ ដោយនឹងវិនិច្ឆ័យទៅលើលទ្ធផលបូកសរុបពិន្ទុ ក្នុងពេលឆាប់ៗខាងមុខនេះ។ តាមគម្រោងផែនការរបស់ លោកឧកញ៉ាអគ្គលេខាធិការរងទទួលបន្ទុកក្រុមជម្រើសជាតិ និងក្រុមថ្នាល គឺយ៉ាងហោចណាស់ក៏ចង់បាន៨នាក់ដែរ សម្រាប់បេក្ខភាពជម្រើសជាតិ ត្រៀមហ្វឹកហាត់បំប៉នបច្ចេកទេស ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ខាងមុខ។ ជាមួយគ្នានេះ ត្រូវធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំសហព័ន្ធ និងស្នើទៅក្រសួងអប់រំ យុវជន និងកីឡាថាតើតម្រូវការចាំបាច់នូវបេក្ខភាពក្រុមជម្រើសជាតិ៨នាក់ គឺសមហេតុសមផលយ៉ាងណាដែរ
លោកឧកញ៉ា ឡោក ដារិទ្ធ គូសបញ្ជាក់ថា ការជ្រើសរើសបេក្ខភាព៨នាក់ គឺ៤នាក់ជាកីឡាករជាប់ស្វ័យប្រវត្តិ និង៤នាក់ទៀតជាកីឡាករបម្រុង ដើម្បីផ្តល់ឱ្យមានភាពប្រកួតប្រជែងជាមួយគ្នា និងការខិតខំប្រឹងប្រែងរៀងៗខ្លួន បើកាលណាកីឡាករមានគ្នាច្រើនប្រកួតប្រជែងជាមួយគ្នា គឺអាចជួយមើលគ្នាទៅវិញទៅមក ហើយប្រសិនបើកីឡាករ កីឡាការិនីណាមានរបួសមិនអាចចូលរួមប្រកួតបាន គឺអាចជំនួសគ្នា។ ដូច្នេះការបម្រុងទុកនូវកីឡាករបម្រុង គឺចាំបាច់ត្រូវតែមានជាដាច់ខាត ដោយពេលនេះមានកីឡាករ៤នាក់ និងកីឡាការិនី២នាក់ នៅក្រៅប្រទេស។
ជាមួយគ្នានេះ កីឡាការិនីជ័យលាភីជើងឯក កាន់ វង់ បានលើកឡើងថា ការប្រកួតជើងឯកសហព័ន្ធ ឆ្នាំនេះពិតជាមានការលំបាក និងស្វិតស្វាញណាស់ ប៉ុន្តែជ័យលាភីរូបនេះបានព្យាយាមរហូតបានឈ្នះជ័យលាភី។ កីឡាការិនី កាន់ វង់ ប្តេជ្ញាថានឹងប្រឹងប្រែងឱ្យបានខ្លាំងឆ្ពោះទៅឆ្នាំ២០២៥ ដើម្បីកែលម្អកំហុសខ្លួនឯងឱ្យបានល្អប្រសើរ ព្រោះកំហុសក្នុងការប្រកួតប្រជែងគឺមានច្រើន។ ស៊ីហ្គេម ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺនាងខ្ញុំបានចូលរួមប្រកួត ជាលើកទី១របស់នាងខ្ញុំ ហើយស៊ីហ្គេម ២០២៥ នៅប្រទេសថៃ នាងខ្ញុំនឹងចូលរួមប្រកួតម្តងទៀតជាមួយនឹងព្យាយាមបង្កើនគុណភាពច្ចេកទេស និងឆន្ទៈឱ្យបានខ្ពស់បំផុត។
ចំណែកឯ កីឡាករជ័យលាភីជើងឯក អ៊ឹម រាហ៊ុល លើកឡើងដែរថា ការប្រកួតរយៈពេល៣ថ្ងៃនេះពិតជាស្វិតស្វាញខ្លាំងណាស់ បើទោះបីជាសមាសភាពកីឡាករ កីឡាការិនីមួយចំនួនជាចំណូលថ្មីក្តី។ លោក អ៊ឹម រាហ៊ុល ប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់ ត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥។ ជាការកត់សម្គាល់របស់ជើងឯកប្រចាំឆ្នាំ២០២៤របស់សហព័ន្ធកីឡាវាយកូនគោលរូបនេះគូសបញ្ជាក់ថា កម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលចូលរួមស៊ីហ្គេម កន្លងមកមានការរីកចម្រើនជាលំដាប់ ហើយសង្ឃឹមថា ស៊ីហ្គេម ២០២៥ ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើបាននូវលទ្ធផលកាន់តែល្អជូនជាតិ៕
ដោយ ៖ ជាវ ចន្ធូ