ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាព្យាបាលជូនអ្នកជំងឺសំដៅប្រសិទ្ធភាព ដោយត្រូវធ្វើការសហការគ្នាគ្រប់ផ្នែក
(ភ្នំពេញ)៖ ចំណុចសំខាន់ៗ ដែលពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃការបម្រើសេវាព្យាបាលជូនអ្នកជំងឺ សំដៅប្រសិទ្ធភាព ដោយត្រូវធ្វើការសហការគ្នាគ្រប់ផ្នែក រវាងមន្ទីរពេទ្យនិងមន្ទីរពេទ្យ ក្នុងនោះត្រូវធ្វើការខិតខំក្នុងការសង្រ្គោះនៅនឹងកន្លែងឱ្យបានគ្រប់ជ្រុងជ្រោយដោយក្រុមការងារពហុជំនាញ និងឯកទេស មុននឹងពិចារណាបញ្ជូនបន្ត និងដោយទាន់ពេលវេលា ជាមួយទំនាក់ទំនងបន្តឥតដាច់ពីមូលដ្ឋានសុខាភិបាលមួយ ទៅមូលដ្ឋានសុខាភិបាលមួយទៀត ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខណៈអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យថ្នាក់ជាតិ»។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលខុសត្រូវពីដើមដល់ចប់លើការបញ្ជូនអ្នកជំងឺពីមូលដ្ឋានឯកជន មកសាធារណៈ និងការខិតខំព្យាបាលអ្នកជំងឺដោយប្រើអស់សមត្ថភាពនៅនឹងកន្លែងនីមួយៗ។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងជាអនុសាសន៍គន្លឹះៗ ដល់ថ្នាកដឹកនាំមន្ទីរពេទ្យជាតិ ដោយត្រូវអនុវត្តឱ្យបានកាន់តែប្រសើរ និងកាន់តែល្អបំផុត ក្នុងនាមជាអ្នកដឹកនាំ គឺត្រូវតែជាគំរូលើគ្រប់ទិដ្ឋភាព ទាំងការដឹកនាំលើស្មារតី បច្ចេកទេស រដ្ឋបាល និងគ្រប់គ្រងទូទៅជារួម។
ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿជាក់លើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ លើភាពស្មោះត្រង់ ស្មារតីទទួលខុសត្រូវ សុចរិតភាពពីបេះដូង លើការងារដឹកនាំ លើការសម្រេចចិត្ត កិច្ចការទំនាក់ទំនងគ្នាដោយការគោរព សំដៅលទ្ធផលពិតប្រាកដ ដែលជាប្រយោជន៏រួម ប្រយោជន៏សាធារណៈ ដែលនោះកាន់តែពង្រឹងទំនុកចិត្ត និងស្មារតីប្រកបដោយគុណធម៌ មេត្តា ករុណា ដល់គ្រប់ៗគ្នានៃអង្គភាពទាំងអស់ក្នុងវិស័យសុខាភិបាល ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ









