ផ្លូវថ្មើរជើង (Walk street)តាមបណ្តោយមាត់ទន្លេមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង នឹងចាប់ផ្តើមរៀបចំ នៅដើមឆ្នាំ២០២៥ខាងមុខនេះ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មីទៀតដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រៈបរមរាជវាំង នារសៀលថ្ងៃទី២៥ ធ្នូ ២០២៤ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងថា ផ្លូវថ្មើរជើងនេះយើងមានគម្រោងយូរមកហើយតែអាស្រ័យដោយស្ថានភាពជួបការលំបាកដូចជាជំងឺកូវិដ.១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម ។ តែទោះបីយ៉ាងណារាជរដ្ឋាភិបាលបានណែនាំឱ្យខិតខំអនុវត្តឱ្យសម្រេចបានគម្រោង ផ្លូវថ្មើរជើងនេះក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ សម្រួលការកកស្ទះចរាចរ ក៏ដូចលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានី ភ្នំពេញបានគិតគូជំរុញ ការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។
ដើម្បីឱ្យគម្រោងនេះបានដំណើរការដោយរលូន ជាជំហានដំបូងគឺបើកផ្លូវថ្មើរជើងនេះចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ,ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដែលធានាថា គម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា ៖ ក្រុមលេខាធិការដ្ឋានរបស់មន្ទីរ បានកំពុងដំណើរការពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងលើរួមទាំងការផ្សព្វផ្សាយ ឱ្យបានជ្រួតជ្រាបដល់បងប្អូនប្រជាពលរដ្ឋពីអត្ថប្រយោជន៍នៃផ្លូវថ្មើរជើងនេះ ដែលចែកចេញជា ៣តំបន់ដោយសុំឱ្យប្រជាពលរដ្ឋចូលរួម ។ ក្នុងនោះមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការបានសិក្សាលម្អិតក្រោមការណែនាំពី ឯកឧត្តមអភិបាលរាជធានីភ្នំពេញយើងបានគិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ តទឹក ភ្លើង ពិសេសក៏មានរៀបចំជាស្តង់លក់ដូរបែបផ្សាររាត្រី ការហាមមិនឱ្យរថយន្តចេញចូលចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ រួមទាំងការរៀបចំចំណតជាដើម ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ






