មេដឹកនាំគណបក្សនយោបាយលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រើនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយបានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពលីគ្រប់បែបយ៉ាងទាំងជីវិត ទាំងកម្លាំងកាយកម្លាំងចិត្ត និងប្រើគ្រប់វិធីសាស្ត្រយកគោលនយោបាយឈ្នះ-ឈ្នះ មកបង្រួបបង្រួមជាតិគ្រប់និន្នាការនយោបាយតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។ ការលើកឡើងនេះ ខណៈពេលដែលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ប្រជាជាតិខ្មែរ ប្រជាជនខ្មែរ កំពុងរស់នៅក្នុងសន្តិភាព រយៈពេល២៦ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩៨ ដោយគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងឡើងនៃសន្តិភាពនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់នៅដោយគ្មានការភ័យខ្លាច ធ្វើដំណើរទាំងយប់ទាំងថ្ងៃ ២៤ម៉ោង ព្រមទាំងការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋអាចរកស៊ីទទួលទាននៅគ្រប់ទីកន្លែងបានទាំងអស់ សិទ្ធិសេរីភាពពេញលេញនៅក្នុងការរស់នៅនាពេលបច្ចុប្បន្ននេះ ដោយសារតែកម្ពុជាមានសន្តិភាព។

ជាមួយគ្នានេះ លោកជំទាវ ពោធិតី សាវត្ថី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនឹងក្រៅប្រទេសបើស្រឡាញ់ជាតិត្រូវរក្សាសន្តិភាពឱ្យបានយូរអង្វែងគង់វង្សស្ថិតស្ថេរជានិច្ចនិរន្ត។ លោកជំទាវបានបន្តថា និយាយពីសន្តិភាព គឺគណបក្សធម្មាធិបតេយ្យសូមគាំទ្រទាំងស្រុង និងជាស្នាដៃដ៏ធំធេងរបស់សម្តេចតេជោ ដែលបានពលីគ្រប់បែបយ៉ាងទាំងអស់ទាំងជីវិត ទាំងកម្លាំងកាយកម្លាំងចិត្ត និងប្រើគ្រប់វិធីសាស្ត្រយកគោលនយោបាយឈ្នះឈ្នះមកបង្រួបបង្រួមជាតិគ្រប់និន្នាការនយោបាយតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។

ចំណែកឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថា ហេតុដែលនាំឱ្យបង្កើតឡើងនៅទិវាសន្តិភាពនេះឡើង ក៏ព្រោះតែយើងយល់ឃើញថា ប្រទេសកម្ពុជាច្រើនសតវត្សមកហើយតែងតែធ្លាក់ចូលក្នុងសង្គ្រាមវិនាសកម្មដ៏យូរអង្វែងសម្លាប់រង្គាលតែជាតិសាសន៍ឯងដែលយើងហៅថា សង្គ្រាមផ្ទៃក្នុង ឬក៏សង្គ្រាមស៊ីវិល គឺខ្មែរធ្វើសង្គ្រាមតែជាមួយខ្មែរគ្នាឯង ដើម្បីដណ្តើមអំណាចនឹងផលប្រយោជន៍បនក្ខពួកផ្ទាល់ខ្លួនជាដើម។ ដោយយល់ឃើញថា វិនាសសកម្មដ៏ធ្ងន់ធ្ងរសម្រាប់ជាតិបែបនេះហើយ ទើបមានកម្លាំងតស៊ូស្នេហាជាតិដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំកំពូលៗ ដែលជាឥស្សរជនជាន់ខ្ពស់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំនេះផងដែរ។ ឯកឧត្តមបានបន្តថា វីរជនទាំងអស់នេះហើយ ដែលបានសម្រេចចិត្តលះបង់ជីវិតទាំងកម្លាំងកាយកម្លាំងចិត្តចូលមករំដោះប្រទេសជាតិ សង្គ្រោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ដ៏ព្រៃផ្សៃសម្លាប់ជាតិសាសន៍ឯងនេះ។

ក្រោមការដឹកនាំនិងឈ្លាសវៃប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតនៅគោលនយោបាយឈ្នះ-ឈ្នះ គឺឈ្នះទាំងអស់គ្នាគ្មានអ្នកណាឈ្នះ គ្មានអ្នកណាចាញ់ ជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរក្សាស្ថេរភាពនយោបាយ នឹងដើម្បីរក្សានៅសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិជូនជាតិ។

សូមជម្រាបថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលត្រូវប្រារព្ធខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ហើយដែលសម្រាប់ខួបលើកទី២៦ ឆ្នាំ២០២៤នេះ និងសម្រាប់ខួបលើកក្រោយជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យលេខ ០១អនក្រ.បក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ កំណត់ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា»(២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) នឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវិមានឈ្នះ-ឈ្នះ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះ-ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកឯព្រឹត្តិការណ៏បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ក៏នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត សេនានុពន្ធ អនុពន្ធ័យោធា នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ៕
ដោយ៖ពលជ័យ

ads banner