រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៖ ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដែលខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព សុខដុមនីយកម្ម និងការចេះគោរពគ្នាទៅវិញទៅមក ដែលនាំឱ្យមានផលិតភាពការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានភាពសមរម្យ និងមានបរិយាកាសការងារមនោរម្យ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តី បុគ្គលិកមជ្ឈមណ្ឌលទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាល ជាពិសេសជំនាញក្នុងការបង្កើតនូវគំនិតនវានុវត្តន៍ លើការផលិតសារអប់រំសុខភាពឱ្យកាន់តែទូលំទូលាយ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិ ត្រូវរៀបចំឱ្យផែនការបន្ថែមក្នុងការផលិតសារអប់រំ និងស្ប៉តវីដេអូ ដែលជុំវិញនឹងសុខភាពប្រជាពលរដ្ឋ ការរស់នៅប្រជាពលរដ្ឋ លើកកម្ពស់សុខភាពស្រ្តី កុមារ ទារក និងជាពិសេសបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ ដែលបណ្តាលមកពីការពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី។
ឯកឧត្តមបានផ្តាំផ្ញើដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលមជ្ឈមណ្ឌលជាតិទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ