អាកាសយានដ្ឋានតារាសាគរ នឹងធ្វើការហោះហើរសាកល្បងលើកដំបូងលើទឹកដីខេត្តកោះកុង ដោយបានចំណាយថវិកាជាង ២០០លានដុល្លារ
(ភ្នំពេញ)៖ អាកាសយានដ្ឋានដ៏ថ្មីស្រឡាងលើទឹកដី ខេត្តកោះកុង នឹងធ្វើការសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្នសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរលើកដំបូង ដោយគេរំពឹងថា នឹងអាចទទួលអ្នកដំណើរ ៧លាននាក់ និងទំនិញ ១ម៉ឺនតោនក្នុង ១ឆ្នាំ ហើយនឹងបន្តកើនអ្នកដំណើរដល់ ២០លាននាក់ និងទំនិញ ៦ម៉ឺនតោនក្នុង ១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០ទៅ ។
មុនសម្ពោធមួយថ្ងៃគឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អាកាសយានដ្ឋានតារាសាគរបានបើកពិធីក្រុងពលី និងសូត្រមន្តដាក់ឲ្យដំណើរការ ជាបណ្តោះអាសន្នសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរជួល ឆាតទើរ (Charter) ដែលជាកម្មវិធីហោះហើរសាកល្បងក្នុងស្រុកជំហានដំបូងផងដែរ ។ ពិធីក្រុងពលី និងសូត្រមន្តដាក់ឲ្យដំណើរការ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co., Ltd.។
គួរបញ្ជាក់ថា អាកាសយានដ្ឋានតារាសាគរ ត្រូវបានអភិវឌ្ឍន៍ ក្នុងដំណាក់កាលទី១ លើផ្ទៃដី ២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន ១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក ។ ចំពោះក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិករ (ក្រុមហ៊ុនខូសថល អ៊ែរផត អ៊ិន វេសមិន (CAI)) អាកាសយានដ្ឋានដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរ ខេត្តកោះកុង។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់នាថ្មីៗកន្លងមកថា អាកាសយានដ្ឋានដែលបើកការហោះហើរឆាតទើរ ក្នុងស្រុក (Domestic Charter Flight) គឺពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Coastal Airport Investment។ ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី ២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន ១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារ។ តាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរ រយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិពេញលេញ)៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ងីម ឆៃហួត