អាស៊ែបៃហ្សង់កាន់ទុក្ខថ្នាក់ជាតិដល់ជនរងគ្រោះស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ
អាស្តាណា ៖ រដ្ឋាភិបាលអាស៊ែបៃហ្សង់បានកំណត់យកថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃបុណ្យជាតិកាន់ទុក្ខដល់ជនរងគ្រោះស្លាប់ចំនួន៣៨នាក់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer 190 នៅក្បែរទីក្រុងAktau របស់ប្រទេសកាហ្សាក់ស្ថាន។
ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានចុះហត្ថលេខាលើបទបញ្ជាផ្លូវការមួយ ដើម្បីប្រារព្ធទិវាកាន់ទុក្ខថ្នាក់ជាតិនេះ ដើម្បីឆ្លើយតបទៅនឹងសោកនាដកម្មធ្លាក់យន្តហោះកាលពីថ្ងៃពុធទី២៥ ខែធ្នូ ឆ្នាំ២០២៤។ យន្តហោះនេះធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines។
ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ បាននិយាយសេចក្តីថ្លែងការណ៍មួយថា យន្តហោះ Embracer 190 មានគោលដៅធ្វើដំណើរចេញពីទីក្រុង Baku ឆ្ពោះទៅកាន់ទីក្រុង Grozny ក្នុងតំបន់ Chechnya របស់ប្រទេសរុស្ស៉ី ប៉ុន្តែវាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់នៅចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់ប្រទេសកាហ្សាក់ស្ថាន។
ជើងហោះហើរលេខ J2-8243 នេះ ផ្ទុកអ្នកដំណើរ ៦៧នាក់ ក្នុងនោះមានអ្នកដំណើរ ៦២នាក់ និងក្រុមការងារយន្តហោះផ្ទាល់ចំនួន ៥នាក់ ហើយបើតាមក្រុមមន្ត្រីកាហ្សាក់ស្ថាន អ្នកដំណើរចំនួន ២៩នាក់នៅរស់រានមានជីវិត និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថានបានរាយការណ៍ថា អ្នកដំណើរដែលជិះនៅលើយន្តហោះនោះ មានពលរដ្ឋ ៣៧នាក់មកពីអាស៊ែបៃហ្សង់, ១៦នាក់មកពីរុស្ស៊ី, ៦នាក់មកពីកាហ្សាក់ស្ថាន និង៣នាក់មកពីកៀហ្ស៊ីស៊ីស្ថាន។ ចំណែកឯមូលហេតុបណ្ដាលឱ្យយន្ដហោះនេះធ្លាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា