ឃាត់រថយន្តមួយគ្រឿងដឹកវល្លិ៍រមៀតជាងមួយតោន និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់
ភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតវាលពីរ មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅចំណុចនិយាមកា (៣០៥៨៣៩-១២៨១៨៩៧) ស្ថិតនៅស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ បានឃាត់ចាប់រថយន្តមួយគ្រឿង មានដឹកវល្លិ៍រមៀតចំនួន២០បាវស្មើនឹង១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។
ប្រភពក្រសួងបរិស្ថានបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៤នេះបានឱ្យដឹងថា ក្នុងប្រតិបត្តិការសមត្ថកិច្ចប្រមូលបានវត្ថុតាងរួមមាន៖ឡានម៉ាក់សាំយ៉ុងចំនួន១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-7350និង វល្លិរមៀតចំនួន២០បាវ ស្មើ១៣០០គីឡូក្រាម។វត្ថុតាងទាំងនេះរក្សាទុកនៅស្នាក់ការវាលពីរជាបណ្តោះអាសន្ន។ ដោយឡែកជនសង្ស័យក្រុមការងារបានបញ្ជូនមកមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបថា វល្លិ៍រមៀតគឺជាអនុផលព្រៃឈើដែលត្រូវហាមឃាត់៕
ដោយ៖ដេប៉ូ