ក្រុងកំពង់ឆ្នាំង ក្នុងមួយថ្ងៃមានសំរាមជាង៤០ តោន ត្រូវបានបោះ​ចោលជាសាធារណៈ

កំពង់ឆ្នាំង៖លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា ក្នុងក្រុងកំពង់ឆ្នាំងមានប្រជាពលរដ្ឋរស់នៅ​ប្រមាណ​ជាងមួយម៉ឺនខ្នងផ្ទះ ប៉ុន្តែអ្នកទទួលភ្ជាប់សេវាបង់សំរាម មានតែជាង ២ពាន់ខ្នងផ្ទះប៉ុណ្ណោះ ។ហេតុនេះហើយ​សម្រាម​ដែល​នៅសេសសល់ ត្រូវបានយកទៅ​បោះ​ចោលនៅក្នុងសួនសាធារណៈ តាមមាត់ទន្លេ តាមក្រោមផ្ទះ ក្រោយផ្ទះ ឬដុត​ចោល ដែលតាមការប្រមាណក្នុងមួយថ្ងៃមានសំរាមប្រមាណ ៤០តោន ត្រូវបានបោះចោលជាសាធារណៈ ។

ក្នុងចំនួនដ៏សម្បើមនេះនិងដើម្បីគ្រប់គ្រងសំណល់រឹង កាលពីថ្ងៃទី២៥ ខែធ្នូ លោកអភិបាលក្រុងកំពង់ឆ្នាំងបាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ក្នុងក្រុង​​ សូមចូលរួមទទួលសេវាប្រមូលសម្រាមឱ្យបានគ្រប់ៗគ្នា ព្រោះថាតម្លៃប្រមូលសំរាមមិនថ្លៃដូចការ​លើកឡើងនោះ​ទេ។

អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយទទួលបានការណែនាំពី ឯកឧត្តមអភិបាលខេត្ត ក្នុងការអនុវត្តថ្លៃប្រមូលសំរាម គឺត្រូវអនុវត្ត​តាមគោលការណ៍សមធម៌ មិនអាចអនុវត្តទៅតាមសមភាពបានទេ។លោកបន្តថា យើងអនុវត្តតាមគោលការណ៍​​កំណត់ពិតណាស់​ប្រជាពលរដ្ឋ  អ្នករកស៊ីតូចតាច មិនអាចទទួលសេវានេះបានឡើយ ។ឧទាហរណ៍ អ្នកលក់ទឹកអំពៅ អ្នក​លក់ដូង អ្នកលក់គ្រឿងទេស ពួកគាត់មានចំណូលតិច តែមានសំរាមច្រើន ដែលខុសប្លែកពីធនាគារ មីក្រូហិរញ្ញវត្ថុ តាម​មន្ទីរសាធារណៈ និងស្ថានីយប្រេងឥន្ធនៈ មាន​សម្រាម​តិចតែ មុខរបរធំ ។ជាមួយគ្នានេះ អាជីវកម្មខ្នាតតូច មួយចំនួន​ដែលមិនមានដំណើរការក៏រដ្ឋបាលក្រុងកំពង់ឆ្នាំងជំរុញឱ្យពួកគាត់ទទួលសេវាទាបស្មើនឹងទំហំខ្នងផ្ទះធម្មតា មានតម្លៃ​ត្រឹមតែ១១ ៥០០រៀល ប៉ុណ្ណោះ។

លោកអភិបាលក្រុងបន្ថែមថា ក្នុងក្រុងកំពង់ឆ្នាំងដដែល​មានជាប្រភេទ​ដីឡូត៍​ដែលមានទំហំធំៗ ដូច្នេះ​អាជ្ញាធរក្រុង​ក៏បាន​ទម្លាក់តម្លៃមក​ស្មើនឹងខ្នងផ្ទះតូចៗដែ។រ ជាងនេះទៀតនៅតាមគ្រួសារដែលមាន​បណ្ណសមធម៌ បណ្ណក្រីក្រ ក៏សាលាក្រុង​មិន​​បង្ខំយកតម្លៃពីពួកគាត់​នោះដែរ។

ដោយយកចិត្តទុកដាក់ផង និងក្នុងបំណងជំរុញឱ្យផែនការគ្រប់គ្រង​សំរាមក្នុងក្រុងដំណើរការដោយរលូន​សាលាក្រុងបាន​រៀបចំឱ្យមាន​កន្លែងពិភាក្សាជាមួយប្រជាពលរដ្ឋរឿងតម្លៃប្រមូលសម្រាមបើពួកគាត់មិនពេញចិត្តនៅសាលាក្រុងរៀងរាល់ម៉ោងធ្វើការ។

អភិបាលក្រុងកំពង់កំពង់ឆ្នាំងបានបន្ថែមទៀតថា កន្លងមកប្រជាពល​រដ្ឋដែលមិនព្រមទទួល​សេវាបង់ថ្លៃប្រមូលសំរាម​ចេញទៅក្រៅក្រុង ព្រោះពួកគាត់យល់ថា ការប្រមូលសម្រាមរបស់ក្រុមហ៊ុនគឺ​អនុវត្តមិន​បានត្រឹមត្រូវ ទុកសម្រាមគរ​ចោលមុខផ្ទះ យូៗម្តង ទើបមកយកម្តង ។

ប៉ុន្តែលើចំណាត់ការថ្មីនេះ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានរៀបចំការ​ប្រមូលសម្រាមបែបថ្មី ដោយបែងចែករថយន្ត​ប្រមូល​សម្រាម​តាមទិសដៅច្បាស់លាស់ ជាមួយនិងការបំពាក់ម៉ាស៊ីនជីភីអេស( GPS) នៅតាមរថយន្តនីមួយៗ ដើម្បី​គ្រប់គ្រង​ទិន្នន័យរបស់រថយន្ត ប្រមូល​សម្រាម ។ចំពោះបញ្ហារថយន្តប្រមូលសំរាមដែលតែងតែហូរ​ទឹកស្អុយតាមផ្លូវសាធារណៈ ក៏បានណែនាំឱ្យជួសជុលរថយន្ត មិនឱ្យទឹកចេញក្រៅនោះឡើយ។

លោកអភិបាលក្រុងកំពង់ឆ្នាំងរំពឹងថាតាមរយៈការប្រមូលសំរាមដែលម៉ឺងម៉ាត់នេះ ប្រជាពលរដ្ឋតាមផ្ទះ​នឹងចូលរួមទទួល​យក​សេវាសំរាម ដើម្បីទីក្រុងស្អាត បរិស្ថានល្អ និងដើម្បីសុខភាពយើងទាំងអស់គ្នា៕


ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner