សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត និងសិស្ស ថ្នាក់វិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១.១៥៧ អង្គ/នាក់
(ភ្នំពេញ)៖ សម្ដេចមាហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី១៩ ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រ វិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និងសិស្សថ្នាក់វិជ្ជាជីវៈសរុបចំនួន ១.១៥៧ អង្គ/នាក់ នៃសាកលវិទ្យាល័យធនធានមនុស្ស នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ធ្នូ ២០២៤ ។
សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិត ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលជានិច្ចកាលបានផ្ដល់អាទិភាព លើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យ៉ាងច្បាស់ថា ធនធានមនុស្ស ជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាព របស់ប្រទេសជាតិ ព្រោះថា ធនធានមនុស្ស អាចជួយឱ្យប្រទេសជាតិ មានភាពរស់រវើក មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសាកលលោក អាចចាប់យកបាននូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេស គម្លាតខួក្បាល និងជួយឱ្យមានឯករាជ្យភាព ក្នុងការវិវត្តរីកចម្រើនដោយខ្លួនឯង ៕








អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ