សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៤០៩គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន
(សៀមរាប)៖ កាកបាទក្រហមកម្ពុជា បានសម្រេច ផ្តល់អំណោយមនុស្សធម៌ ជូនលោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតសរុប ចំនួន ១៤០៩គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្រុងរុនតាឯក តេជោសែន គឺជាក្រុង១ទើបបង្កើតថ្មី នៃខេត្តសៀមរាប ដែលមានសង្កាត់ចំនួនពីរគឺសង្កាត់ រុនតាឯក និងសង្កាត់ បល្ល័ង្ក មានភូមិសរុបចំនួន១៦ ក្នុងនោះ សង្កាត់រុនតាឯក មានភូមិចំនួន ៧ និងសង្កាត់បល្ល័ង្កមានភូមិចំនួន៩ និងមានប្រជាពលរដ្ឋ រស់នៅសរុបប្រមាណ ៩៦៥៤ គ្រួសារ ស្មើនឹង ៣៦,៤១២នាក់ ស្រី១៨,៧៩៤នាក់។
ប្រជាពលរដ្ឋ ដែលកំពុងមករស់នៅក្នុងក្រុងថ្មីនេះ គឺជាអតីតប្រជាពលរដ្ឋធ្លាប់តាំងទីលំនៅមិនរៀបរយក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមកគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ហើយបានស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីនាទីនេះ ដោយទទួលបាននូវប័ណ្ណកម្មសិទ្ធិស្របច្បាប់ ក្រោមការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័នសង្គមផ្សេងៗទៀតក្នុងតំបន់នេះ ឱ្យក្លាយជាក្រុងរណបមួយដ៍ស្រស់បំព្រង ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ភាពសុខសាន្ត ជីវភាពល្អប្រសើរ និងអនាគតត្រចះត្រចង់។ បើទោះទទួលបានកម្មសិទ្ធិដីធ្លី និងលំនៅដ្ឋានស្របច្បាប់ក៏ពិតមែន តែការមកតាំងទីលំនៅថ្មី ពិតជាជួបប្រទះនូវបញ្ហាប្រឈមខ្លះៗលើជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។
ក្នុងឱកាសអញ្ជើញដល់ក្រុងរុនតាឯកតេជោសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ បានអញ្ជើញថ្វាយបង្គំព្រះសង្ឃ និងនាំយកទេយ្យវត្ថុគ្រឿងអត្ថបរិក្ខាផ្សេងៗនិងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃនៅវត្តធម្មជាតិរុនតាឯកតេជោសែន ដើម្បីឧបត្ថមសំរាប់ព្រះសង្ឃគង់ក្នុងទីអារាមថ្មីនេះធ្វើសង្ឃកម្មផ្សេងៗ តាមពុទ្ធានុញ្ញាតិ និងពុទ្ធបញ្ញត្តិនៃព្រះពុទ្ធសាសនា និងបានជូនលោកតាអាចារ្យ៣នាក់ ក្នុងម្នាក់ៗក្រណាត់ស១ដុំនិងថវិកា២០ម៉ឺនរៀល។ ជូនយាយជី តាជី១០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា៥ម៉ឺនរៀល។
ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា រយៈពេល ១២ខែ ឆ្នាំ២០២៤ សាខាខេត្ត បានបំពេញសកម្មភាពមនុស្សធម៌ដោយបានចែកអំណោយជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុតចំនួន ២ ៨២៨គ្រួសារ ជនពិការចំនួន ៣១នាក់ មាតា និងទារកចំនួន ២៤៦នាក់ អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ២០នាក់ អ្នកជំងឺអេដស៍ចំនួន ៣០នាក់ និងបានសាងសង់ផ្ទះ ជូនគ្រួសារក្របំផុតចំនួន ៤ខ្នង ជួសជុល ផ្ទះចំនួន ១ខ្នង ឧបត្ថម្ភស័ង្កសីចំនួន ៤ ៩២៦សន្លឹក និងបានបញ្ជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន ៨ នាក់ ចូលរួមក្នុង វេទិកាយុវជន បានចុះផ្សព្វផ្សាយ និងបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមចំនួន ១ ០៤៩នាក់ បានបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមសរុបចំនួន ៤៩៩នាក់ និងបានចូលរួមបោះជំរំចំនួន ១៧នាក់ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខនិងព្រះរាជហឬទ័យ នឹករលឹកពីសំណាក់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត អញ្ជើញមកទទួលអំណោយមនុស្សធម៌នាពេលនេះ ព្រមទាំងបញ្ជាក់ថានេះ ជាលើកទីមួយហើយ ដែលសម្ដេចមានឱកាស បានមកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងរុនតាឯតេជោ សែននេះ។
សម្តេចប្រធាន បានវាយតម្លៃខ្ពស់ចំពោះប្រមុខរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធនិងរដ្ឋបាលខេត្តដែលបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ពិសេសជំរុញការអភិវឌ្ឍន៍តំបន់នេះឱ្យមានការរីកចម្រើន និងធ្វើអោយបងប្អូនប្រជាពលរដ្ឋនៅទីនេះទទួលបានកម្មសិទ្ធិដីស្របច្បាប់ សម្រាប់ប្រើប្រាស់តកូនតចៅ។ ពិសេស រាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍន៍រាល់ហេដ្ឋារចនាសម្ព័នន្ធក្នុងតំបន់រុនតាឯកនេះទាំងសាលារៀន មន្ទីរពេទ្យ ទីផ្សារ និងទីអារាម និងផ្លូវគមនាគមន៍ខ្វាត់ខ្វែងដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមករស់នៅក្នុងនេះមានភាពងាយស្រួល និងមានជីវភាពកាន់តែល្អប្រសើរជាងមុន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពិសារទឹកឆ្អិន ជៀសវាងមានជំងឺផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ក្នុងពេលដែលយើងកំពុងមានការខ្វះខាត ហើយត្រូវនាំគ្នាការពារកុំឱ្យកើតជំងឺមិនឆ្លងបួនមុខ ក្នុងនោះជំងឺមហារីក ជម្ងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ដែលកំពុងកើតឡើងគួរឲ្យព្រួយបារម្ភទៅលើប្រជាជនយើង ដូច្នេះយើងគួរតែការពារជាមុន។ ទន្ទឹមនេះ បងប្អូនស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះ តាមការកំណត់របស់គ្រូពេទ្យឱ្យបានទៀងទាត់ ហើយអ្នកមានផ្ទៃពោះដែលមានផ្ទុកមេរោគអេដស៍ ត្រូវទៅទទួលការណៃនាំពីគ្រូពេទ្យជំនាញ និងទទួលយកឱសថ ការពារទារកក្នុងផ្ទៃដើម្បីការពារកូនៗរបស់ខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ និងសុខភាពល្អ និងអនាគតរុងរឿង។
ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៍បានអំពាវនាវចំពោះបុរសៗ ដែលមានផ្ទុកមេរោគអេដស៍ហើយ សូមកុំបន្តចំលង ទៅប្រពន្ធកូន ធ្វើបែបនេះ គឺជាការរួមចំណេកកាត់បន្ថយការរីករាលដាលមេរោគអេដស៍នៅកម្ពុជា ។ សម្តេច ក៍បានអំពាវនាវដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរិតបន្តឹងទៅលើការផ្តល់អាជ្ញាប័ណ្ណក្នុងការបើកគ្លីនិកឯកជន ពិសេសកុំផ្តល់ឱ្យអ្នកដែលគ្មានជំនាញផ្នែកសុខភាពច្បាស់លាស់ ដែលប្រការនេះ យើងនឹងអាចការពារបាននូវហនីភ័យនៃគ្រោះថ្នាក់ដល់អាយុជីវិតនៃអ្នកជំងឺ ដែលទៅទទួលការព្យាបាលនៅតាមសេវាសុខភាពនានា។
ឆ្លើយតបទៅនិងសំណូមពររបស់ឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តសៀមរាប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក សំរាប់ការចាប់ផ្តើមកសាងអគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងរុនតាឯកតេជោសែន ដើម្បីរួមចំណែកលើកកម្ពស់ការងារមនុស្សធម៌ ក្នុងក្រុងបង្កើតថ្មីនេះ ៕
អត្ថបទ ៖ ស៊ូ វណ្ណលុក រូបភាព ៖ គ្រី សម្បត្តិ