សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងដែលយើងបារម្ភបំផុត គឺអរិភាពរវាងប្រជាជននិងប្រជាជន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រឿងស្រលាញ់ជាតិ ការពារជាតិបូរណភាពទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ, តែសកម្មភាពនៃការបារម្ភ, ការស្រលាញ់ និងការពារជាតិ យើងត្រូវអនុវត្តតាមគោលការណ៍៣ ដែលរាជរដ្ឋាភិបាល បានកំណត់កន្លងទៅ៖ ១/ ចរចាបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់តាមគោលកាណ៍ និងច្បាប់អន្តរជាតិ, ២/ បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍតំបន់ព្រំដែន និង ៣/ ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន និងការពារជាតិ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី១៩, ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និងសិស្សថ្នាក់វិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតីបានបញ្ជាក់ទៀតថា រឿងដែលយើងបារម្ភបំផុត គឺអរិភាពរវាងប្រជាជននិងប្រជាជន ដូចនេះទើបរាជរដ្ឋាភិបាល ជ្រើសរើសមិនឆ្លើយឆ្លងតាមហ្វេសប៊ុក តែមិនមែនបញ្ជាក់ថារដ្ឋាភិបាលមិនបានការពារជាតិ, ការពារទឹកដី, មិនថែរក្សាអធិបតេយ្យជាតិ នោះទេ តែអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ គឺខិតខំចរចាបោះបង្គោលព្រំដែន និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីពិតប្រាកដ និងបណ្តុះធនធានមនុស្សពិតប្រាកដក្នុងការដឹកនាំ និងកសាងជាតិឱ្យកាន់តែរឹងមាំ និងរីកចម្រើនតទៅមុខទៀត ក្រោមម្លប់នៃសុខសន្តិភាព និង ស្ថិរភាពយូរអង្វែងរបស់កម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត