ការហោះហើរត្រង់ កម្ពុជា-ឥណ្ឌា មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ធម្មជាតិទេ ថែមទាំងទេសចរណ៍សាសនាផងដែរ
(ភ្នំពេញ)៖ ការតភ្ជាប់ការហោះហើរត្រង់ កម្ពុជា-ឥណ្ឌា មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ធម្មជាតិទេ ថែមទាំងទេសចរណ៍សាសនាផងដែរ ។ នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាឱកាសអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ដែលបានចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។
លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំ រាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតរបស់សម្តេច, ជ័យជំនះនៃការបោះឆ្នោតចុងក្រោយនៅកម្ពុជា និងការផ្ទេរអំណាចដោយរលូនទៅអ្នកដឹកនាំជំនាន់ក្រោយ វ័យក្មេង និងប្រកបដោយថាមពល។
នៅក្នុងសកម្មភាពមីន លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដែលកម្ពុជាសម្រេចបាន ជាពិសេស ការរៀបចំយ៉ាងជោគជ័យនូវ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន ដែលកម្ពុជាជាម្ចាស់ផ្ទះ ។
លោកជំទាវ បានគូសបញ្ជាក់ថា សម្តេចតេជោ មានបទពិសោធន៍យ៉ាងទូលំទូលាយ ខាងនយោបាយសកលលោក ។ សំឡេងគាំទ្ររបស់ សម្តេចតេជោ និងបុរេសកម្មរបស់កម្ពុជា នៅក្នុងក្រុមប្រទេស Global South មានសារៈសំខាន់ណាស់ ។ លោកជំទាវ បានអរគុណ សម្តេចតេជោ ដែលបានគាំទ្រប្រទេសឥណ្ឌា ជាតួអង្គលេចធ្លោ នៃ Global South និង ជាម្ចាស់ផ្ទះ នៃ 3rd Voice of Global South Summit ដែលបានផ្តោតកិច្ចពិភាក្សាលើ បញ្ហាសកលនានា ដូចជា ជម្លោះ វិបត្តិសន្តិសុខស្បៀង និង ថាមពល ការប្រែប្រួលអាកាសធាតុ …។
លោកជំទាវឯកអគ្គរដ្ឋទូត វាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់ផងដែររបស់កម្ពុជា នៅក្នុងសហគមន៍អន្តរជាតិ និងកិច្ចចរចាពហុភាគី។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការជឿជាក់ខ្ពស់ ចំពោះមិត្តភាព និងភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-កម្ពុជា។
លោកជំទាវ បានបន្តជម្រាបសម្តេចតេជោ អំពីបំណងរបស់ ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា មកទស្សនកិច្ចនៅកម្ពុជា និងសង្ឃឹមថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងសម្តេចតេជោ នឹងបំពេញទស្សនកិច្ចនៅឥណ្ឌា នាពេលវេលាសមស្របខាងមុខ ដើម្បីជាកម្លាំងចលករ ក្នុងការធ្វើឱ្យស៊ីជម្រៅ នៃទំនាក់ទំនងប្រទេសយើងទាំងពីរ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាព កម្ពុជា-ឥណ្ឌា ដែលប្រទេសយើងទាំងពីរ មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ការទទួលស្គាល់ គាំទ្រនិងជួយគ្នាទៅវិញទៅមកនាពេលកន្លងមក។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះ ការសម្រេចចក្ខុវិស័យនិងភារកិច្ចធំៗមួយចំនួន និងមួយចំនួនកំពុងត្រូវបានជំរុញបន្ថែម ជាតួយ៉ាង កិច្ចព្រមព្រៀងពាណិជ្ជកម្ម។
សម្តេចបានគូសបញ្ជាក់ថា ការតភ្ជាប់ការហោះហើរត្រង់ របស់ប្រទេសយើងទាំងពីរ មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងទេសចរណ៍សាសនាផងដែរ។ សម្តេចតេជោ បានស្វាគមន៍ចំពោះសត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុ ដែលនឹងមកដល់កម្ពុជានាពេលខាងមុខ ។
សម្តេចបាន គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនឡើង ក៏ប៉ុន្តែ មិនទាន់ស័ក្តិសមនឹងសក្តានុពល ដែលប្រទេសទាំងពីរមាននៅឡើយទេ និងបានស្នើឥណ្ឌាពង្រីកបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា-ឥណ្ឌា។ សម្តេច បានលើកឡើងថា កម្ពុជា បានសម្របសម្រួលគោលនយោបានការបរទេសជាមួយនឹងបណ្តាប្រទេស Global South ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ក៏ដូចជា កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាផងដែរ ៕
ដោយ ៖ វណ្ណលុក