ផ្ទុះភ្នំភ្លើង Kilauea នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក
បរទេស៖ ជាមួយនឹងរូបភាពដែលចេញផ្សាយដោយ ស្ថានប័នស្ទង់ភូមិសាស្ត្រអាមេរិក ហៅកាត់ USGS ក្រុមសង្កេតភ្នំភ្លើង Hawaiian Volcano Observatory បានជូនដំណឹង អំពីកម្អែភ្នំភ្លើង Kilauea ដែលបានហូរចេញ ក្រោយពេលបានផ្ទុះឡើង ជាថ្មី។
ការស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា កម្អែបានហូរចេញពីភ្នំភ្លើង ដែលមានកំពស់៨០ម៉ែត្រ លើកោះហាវ៉ៃ កាលពីថ្ងៃចន្ទ។ ភ្នំភ្លើង Kilauea គឺជាភ្នំភ្លើងសកម្មបំផុតមួយរបស់ពិភពលោក ដែលបានផ្ទុះស្ទើរតែ ជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៩៨៣ មក។
កោះហាវ៉ៃ មានភ្នំភ្លើងសកម្មចំនួន ៦ ក្នុងនោះ រួមមានទាំង ភ្នំភ្លើងធំបំផុត នៅលើពិភពលោក Mauna Loa ។ ភ្នំភ្លើង Kilauea មានទំហំតូចជាងភ្នំភ្លើង Mauna Loa ដែលនៅជិតខាង ប៉ុន្តែ មានភាពសកម្មច្រើនជាង។
អំឡុងសកម្មភាពចុងក្រោយនេះ ភ្នំភ្លើង Kilauea បានបញ្ជូនសារធាតុបំណែកនៃឧស្ម័នភ្នំភ្លើង និងភាគល្អិតភ្នំភ្លើងឡើងដល់កម្ពស់ ចន្លោះពីជិត២គីឡូម៉ែត្រ ទៅជាង២គីឡូម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ហើយត្រូវបានខ្យល់បក់បោកបន្ត ទៅកាន់ភាគនិរតី។ ឧស្ម័ននិងភាគល្អិតភ្នំភ្លើង អាចប៉ះពាល់ដល់មនុស្ស និងសត្វ ព្រមទាំងដំណាំ ផ្សេងៗ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត