ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនរងការវាយប្រហារតាមអ៊ីនធឺណិត

តូក្យូ ៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines ហៅកាត់ JAL បានប្រកាសថា នៅថ្ងៃព្រហស្បតិ៍នេះ ខ្លួនបានរងការវាយប្រហារតាមអ៊ីនធឺណេត ឬ cyber attack ប៉ុន្តែ ត្រូវបានដោះស្រាយឡើងវិញ នៅប៉ុន្មានម៉ោង ក្រោយមក។

ក្រុមហ៊ុន JAL និយាយថា មិនមានទិន្នន័យរបស់អតិថិជន ត្រូវបានលេចធ្លាយទេ ហើយក៏មិនមានការខូចខាតណាមួយ ដែលបណ្តាលមកពី មេរោគណាមួយដែរ។ ដំបូងឡើយ ក្រុមហ៊ុនបានផ្អាកការលក់សំបុត្រជិះយន្តហោះ ប៉ុន្តែ ពួកគេបានបន្តលក់ធម្មតាវិញ ក្រោយពេលជួសជុលស្ថានការណ៍រួច។

ក្រុមហ៊ុន JAL បាននិយាយថា ការវាយប្រហារបានចាប់ផ្តើម នៅមុនម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍។ បញ្ហានេះប៉ះពាល់ទាំងជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានរាយការណ៍ថា ជើងហោះហើរក្នុងស្រុក យ៉ាងតិចចំនួន៩ របស់ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទីពីរ របស់ជប៉ុនមួយនេះ ត្រូវបានពន្យារពេលហោះហើរ។

JAL និយាយថា ខ្លួនសូមអភ័យទោសយ៉ាងខ្លាំង ដល់អតិថិជន ចំពោះការរអាក់រអួល។ ប៉ុន្តែ ក៏និយាយថា មិនមានផលប៉ះពាល់ដល់សុវត្ថិភាពហោះហើរនោះទេ។
ក្រុមមន្ត្រីបាននិយាយថា នេះអាចជា «ការវាយប្រហារ DDoS» ដែលទិន្នន័យជាច្រើន ត្រូវបានបញ្ជូន ដើម្បីធ្វើឱ្យគេហទំព័រ មិនអាចចូលប្រើបាន។

ការវាយប្រហារ DDoS ឬ ការបដិសេធសេវាកម្មចែកចាយ ត្រូវបានគេដឹងថា ជាការប៉ុនប៉ងព្យាបាទដើម្បីបង្អាក់ចរាចរធម្មតា នៃម៉ាស៊ីនមេ សេវាកម្ម ឬ បណ្តាញ ដែលបានកំណត់ ដោយគ្របដណ្ដប់លើគោលដៅ ឬ ហេដ្ឋារចនាសម្ព័ន្ធជុំវិញ ជាមួយនឹងអ៊ីនធឺណិត៕

ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner