មន្រ្តីអញ្ជើញសួរសុខទុក្ខកងកម្លាំងចម្រុះ ប្រចាំការនៅតំបន់ព្រៃអង់តែន និងអូរតាព្រហ្ម
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ និងសហការីកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អញ្ជើញសាកសួរសុខទុក្ខកងកម្លាំងចម្រុះនៅពីរគោលដៅ គឺតំបន់ ៤៤ ព្រៃអង់តែន និងតំបន់អូរតាព្រហ្ម ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ រួមទាំងអភិបាលខេត្ត ។លោកក៏បានកោតសរសើរកងកម្លាំងចម្រុះបានសហការគ្នាក្នុងការបំពេញភារកិច្ច ទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងកិច្ចការការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិជាថ្មី ពិសេសកន្លងមករកឃើញផ្ទៃដីដែលលួចកាប់បន្ទ្រាន ជាង២,៥០០ ហិកតានិងបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសបញ្ជូនទៅតុលាការ និងបានដាំស្ដារព្រៃឈើឡើងវិញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនប្រេងសាំង ២០០លីត្រ, អង្ករ ១៥០ គីឡូក្រាម ,មី៦កេស ,ត្រីខកំប៉ុង១០យួរ និងទឹកត្រី ទឹកស៊ីអ៊ីវ៤យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ៕
ដោយ៖ប៊ុន រដ្ឋា