Putin រំលែកទុក្ខករណីធ្លាក់យន្តហោះអាស៊ែរបៃហ្សង់ស្លាប់មនុស្ស៣៨នាក់
បរទេស ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខ ក្រោយកើតហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ស្លាប់មនុស្ស ៣៨នាក់ នៅភាគខាងលិច ប្រទេសកាហ្សាក់ស្ថាន។
លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះ និងអ្នករងរបួសទាំងអស់»។ លោកបានថ្លែងបែបនេះ ក្នុងអំឡុងពេលសុន្ទរកថាស្វាគមន៍ នៅឯកិច្ចប្រជុំកំពូលក្រៅផ្លូវការ របស់មេដឹកនាំ CIS នៅរមណីយដ្ឋានជិះស្គី Igora ក្នុងតំបន់ Leningrad។
អាជ្ញាធរប្រទេស Azerbaijani បាននិយាយថា មនុស្ស ៣២នាក់បានរួចជីវិត បន្ទាប់ពីយន្តហោះ Embraer 190 មួយគ្រឿងនេះ បានធ្លាក់នៅជិតទីក្រុង Aktau ។ យន្តហោះបានប៉ុនប៉ងហោះហើរពីរដ្ឋធានី Baku របស់ប្រទេស Azerbaijan ទៅកាន់ទីក្រុង Grozny ក្នុងតំបន់ Chechnya ភាគខាងត្បូង នៃប្រទេសរុស្ស៊ី។
ចំពោះមូលហេតុនៅពីក្រោយនៃការធ្លាក់ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ នៅឡើយទេ ប៉ុន្តែយោងតាមការសន្និដ្ឋានបឋមរបស់ប្រទេសកាហ្សាក់ស្ថាន យន្តហោះនេះទំនងជាធ្លាក់ ដោយសារបញ្ហាបច្ចេកទេស។ ចំណែកក្រុមឃ្លាំមើលអាកាសចរណ៍របស់រុស្ស៊ីបានបញ្ជាក់ថា អ្នកបើកយន្តហោះបានសម្រេចចិត្តចុះចតបន្ទាន់ បន្ទាប់ពីបានហោះបុកសត្វស្លាប។ យ៉ាងណាក៏ដោយ អាជ្ញាធរកាហ្សាក់ស្ថានបាននឹងកំពុងបើកការស៊ើបអង្កេតបន្ទាន់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត