ប្រធានបទ “រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន” ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង លើកយកដាក់ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត
បាត់ដំបង៖វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៤ បានធ្វើឡើងក្រោមប្រធានបទ៖”រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន” ផ្សព្វផ្សាយដល់ស្រុក-ក្រុងទាំង១៤ សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នាសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង និងដោយឡែកក៏ប្រព្រឹត្តទៅនៅតាមបណ្តាស្រុកមួយចំនួនដែរ។

វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សមាជិកក្រុមប្រឹក្សាក្រុង សង្កាត់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ជាងមួយពាន់នាក់។

ថ្លែងបើកអង្គវេទិកា ឯកឧត្តម អ៊ុយ រី លើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

អង្គវេទិកាបានដំណើរការពេញមួយព្រឹក។ប្រជាពលរដ្ឋបានលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ សរុបចំនួន១២ករណី ដែលភាគច្រើនពាក់ព័ន្ធបញ្ហាគ្រឿងញៀន ការប្រើប្រាស់បារីអេឡិកត្រូនិក និងពីគុណភាពចំណីអាហារ នៅតាមសាលារៀន ជាដើម ។ល។

រាល់ក្ដីកង្វល់ សំណើ និងសំណូមពររបស់អ្នកចូលរួមត្រូវបាន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលយក ឆ្លើយតប បកស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ បានទាំងអស់ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានណែនាំដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចនៅមូលដ្ឋានត្រូវតែយកចិត្តទុកដាក់ក្នុងការចុះផ្សព្វផ្សាយនៅតាមសាលារៀន ពីបញ្ហាគ្រឿងញៀន ពីគ្រោះថ្នាក់ចរាចរណ៍និងពីអនាម័យបរិស្ថាន…៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

