ជាងមួយឆ្នាំ យន្តហោះចិនផលិតផ្ទាល់ដៃផ្ទុះការគាំទ្រខ្លាំង ភ្ញៀវកម្ម៉ង់ទិញដល់ទៅ ៣៣០គ្រឿង
ប៉េកាំង ៖ យន្តហោះដែលប្រទេសចិនផលិតឡើងដោយផ្ទាល់ដៃ ចាយពេលត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ បានមើលឃើញការកម្ម៉ង់ទិញកើនឡើងយ៉ាងគំហុក តួយ៉ាងការបញ្ជាទិញយន្តហោះ C919 និង C909 បានឈានដល់កំណត់ត្រាដល់ទៅ ៣៣០គ្រឿងក្នុងឆ្នាំ ២០២៤ ក្នុងនោះបានចែកចាយជិត ៥០គ្រឿង។ នេះបើយោងតាមការអះអាងរបស់អនុប្រធានសាជីវកម្ម COMAC លោក Wei Yingbiao។

សារព័ត៌មាន Global Times បានចេញផ្សាយថា សាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន ហៅកាត់ (COMAC) បានបញ្ជាក់ថា C919 ដែលជាយន្តហោះផលិតដោយចិនផ្ទាល់ដៃ បានដឹកអ្នកដំណើរជាងមួយលាននាក់ហើយ ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការពាណិជ្ជកម្មនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Global Times។

គិតត្រឹមថ្ងៃទី១៩ ខែធ្នូ សាជីវកម្ម COMAC បានបញ្ជូនយន្តហោះធុន C919 សរុបចំនួន ១៤គ្រឿងហើយទៅឱ្យក្រុមហ៊ុន China Eastern Airlines, Air China និង China Southern Airlines ដែលបានបើកដំណើរការជើងហោះហើរសរុបចំនួន១៥ នៅក្នុងទីក្រុងចំនួន១០ នៃប្រទេសចិន។

ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ក្នុងនាមជាអ្នកប្រើប្រាស់ដំបូងបង្អស់របស់ពិភពលោក នៃយន្តហោះ C919 បានធ្វើប្រតិបត្តិការយន្តហោះចំនួន ៩គ្រឿង សម្រាប់ជើងហោះហើរពាណិជ្ជកម្មចំនួន ៦,២៤០ នៅលើផ្លូវចំនួន៨ ដោយបានដឹកអ្នកដំណើរជាង ៨៥០,០០០នាក់។

រីឯក្រុមហ៊ុន Air China បានដំណើរការជើងហោះហើរចំនួន៤ ជាមួយនឹងយន្តហោះ C919 ដោយហោះហើរពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងសៀងហៃ, ហាំងចូវ, ឆឹងទូ, វូហាន និងហៃគូ។ ចំណែកក្រុមហ៊ុន China Southern Airlines ក៏បានដំណើរការជើងហោះហើរចំនួន៤ ជាមួយនឹងយន្តហោះ C919 ផងដែរ គឺពីទីក្រុងគ័ងចូវទៅកាន់ទីក្រុងសៀងហៃ, ឆឹងទូ, ហាំងចូវ និង ហៃគូ។
យន្តហោះ C919 និង ARJ21-700 ជាផលិតផលរបស់សាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន (COMAC) ដែលមានមហិច្ឆតាប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះយក្សពីរ គឺ Boeing និង Airbus។ COMAC គឺជាក្រុមហ៊ុនផលិតឧបករណ៍លំហអាកាសរបស់រដ្ឋចិន ដែលបង្កើតឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០០៨ មានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ៕
ប្រភព ៖ Global Times ប្រែសម្រួល ៖ ឈឹម ទីណា