ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាងមួយម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋនៅឃុំចន្ទ្រា ឃុំទួលស្ដី
ស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៤នេះបានអញ្ជើញចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១០.៤៧៧បណ្ណជូនប្រជាពលរដ្ឋនៅភូមិស្វាយគុយ ភូមិដីក្រហម ភូមិតាដេវ ភូមិបារាយណ៍ ភូមិពោធិ៍ ឃុំមេសរថ្ងក ភូមិគោកតែក ភូមិតែងម៉ៅ ភូមិចន្ទ្រា នៃឃុំចន្ទ្រា និងភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា។
ក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ថ្ងៃនេះជាលើកទី៧ក្នុងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បន្ទាប់ពីខេត្តបានដាក់ចេញនូវផែនការឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមបន្តថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៩៤ភូមិ ស្មើនឹង ១០៦.៥៦៤បណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋបានជាង ៦ម៉ឺនប័ណ្ណ។ដោយឡែក ក្នុងមូលដ្ឋានស្រុកចន្ទ្រាបានដំណើរការបញ្ចប់ការចុះបញ្ជីដីធ្លីគ្រប់ភូមិ និងឃុំរួចរាល់ហើយ ។បច្ចុប្បន្ននៅសល់តែនីតិវិធីនៃការចេញបណ្ណតែប៉ុណ្ណោះ ។
ឯកឧត្តមបានបន្ថែមថា ជាមួយលទ្ធផលដ៏ល្អប្រសើរ និងគួរជាទីមោទនៈនេះ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរដល់មន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ដោយពេលខ្លះចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ៕
ដោយ៖នុត នាង





