ការបើកឱ្យហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងនឹងជួយទាក់ទាញទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគ
(ភ្នំពេញ)៖ក្នុងការដាក់ឱ្យដំណើរការលើកដំបូងនៃអាកាសយានដ្ឋានដ៏ថ្មីស្រឡាង លើទឹកដី ខេត្ត កោះកុង គឺអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានគេរំពឹងថានឹងជួយដល់ទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគទុនបន្ថែមទៀតនៅលើទឹកដីដ៏ស្រស់ស្អាតរបស់កម្ពុជាមួយនេះ ។
ក្រោយការបើកឱ្យដំណើរការដឹកជញ្ជូនតាមផ្លូវអាកាសនេះដែរក៏ត្រូវបានគេសង្ឃឹមជឿជាក់ផងថានឹងអាចទទួលអ្នកដំណើរ ៧លាននាក់ និងទំនិញ ១ម៉ឺនតោនក្នុង ១ឆ្នាំ ហើយនិងបន្តកើនអ្នកដំណើរដល់ ២០លាននាក់ និងទំនិញ ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពី ឆ្នាំ២០៣០-២០៥០ទៅ ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងក្នុងពិធីទទួលស្វាគមន៍ជើងហោះហើរជួលក្នុងស្រុក (Domestic charter flight) លើកដំបូង ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ឱ្យដឹងថា នៅពេលដាក់ឱ្យដំណើរការនៃអាកាសយានដ្ឋាន មួយនេះ នឹងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងស្រុក និងអន្តរជាតិ ។ ជាមួយគ្នាវាក៏ដើរតួនាទីយ៉ាងសំខាន់ដោយតភ្ជាប់ជាមួយបណ្តាខេត្តដទៃទៀតនៅកម្ពុជា ក្នុងនេះមានទាំងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់បានឱ្យដឹងបន្ថែមថាសម្រាប់ការហោះហើរដំបូងជាការចាប់ផ្តើមផ្តល់ឱកាស និងការងារថ្មីៗដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។ ក្រៅពីនេះអាជ្ញាធរខេត្តគប្បីធ្វើការផ្សព្វផ្សាយ និងពង្រឹងយុទ្ធសាស្រ្តតាមរយៈការដឹកជញ្ជូនថ្មីមួយនេះឱ្យកាន់តែរីកចម្រើនទៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។
លោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment (CAI) បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថាអាកាសយានដ្ឋាននេះ គ្របដណ្តប់លើផ្ទៃដី ២៣គីឡូម៉ែត្រការ៉េ គឺជាព្រលានយន្តហោះសំខាន់ និងតំបន់សេដ្ឋកិច្ចកំពង់ផែសមុទ្រនៅក្នុងតារាសាគរទាំងមូល ។ ជាជំហានដំបូង អាកាសយានដ្ឋានអន្តរជាតិតារាសាគរអាចតភ្ជាប់ជើងហោះហើរជាមួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ខេត្តសៀមរាប។ ការខិតខំជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរក្នុងស្រុកនេះ គឺដើម្បីជាមធ្យោបាយដឹកជញ្ជូនក្នុងស្រុក ក៏ងាយស្រួល ពិសេសចូលរួមជាកម្លាំងរួមផ្សំក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងដែរថា៖ការចាប់ផ្តើមហោះហើរ របស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ នឹងជួយដល់ការចាប់អារម្មណ៍ដល់ក្រុមអ្នកវិនិយោគទុននឹងចូលមកបណ្តាក់ទុនលើទឹកដីខេត្តកោះកុងបន្ថែមទៀត។ ព្រមជាមួយគ្នានេះវិស័យទេសចរណ៍ក៏នឹងមានភាពល្អប្រសើរឡើងដែរពីព្រោះថាភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិងាយធ្វើដំណើរមកកាន់ខេត្តកោះកុងដោយសារថាយើងមានទាំងការដឹកជញ្ជូនទាំងតាមអាកាស លើគោក និងទឹកផង។ទឹកដីខេត្តកោះកុងមានសល់ដីច្រើនធំធេងសម្រាប់ការវិនិយោគ នៅទឹកដីខេត្តដ៏ស្រស់ស្អាតមួយនេះជាក់ជាពុំខាន ។
លោកជំទាវបានបញ្ជាក់បន្ថែមថា៖នៅខេត្តកោះកុងមានសក្តានុពលច្រើនដូចជាធនធានធម្មជាតិ និងពិសេសហេដ្ឋារចនាសម្ព័ន្ធ មានទាំងផ្លូវជាតិលេខ ៤៨ ដែលកសាងបានជាង ៧០ភាគរយហើយ ផ្លូវជាតិលេខ ១០ដែលតភ្ជាប់ពីខេត្តកោះកុងទៅកាន់ពោធិ៍សាត់ បាត់ដំបងនិងពិសេសអាចតភ្ជាប់ទៅកាន់ខេត្តសៀមរាបទៀតផង ។
សូមរំលឹកថាអាកាសយានដ្ឋានអន្តរជាតិនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Coastal Airport Investment។ ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី ២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន ១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ងីម ឆៃហួត








