កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណង របស់ជប៉ុន
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» (គម្រោងលើវិស័យនគរូបនីយកម្ម) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ។
ហិរញ្ញប្បទានឥតសំណងនេះគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។
ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ៕
ដោយ ៖ សួង ពិសិដ្ឋ