ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «សន្តិភាព ពិបាករក តែងាយបំផ្លាញ»

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរេសរលើបណ្តាញសង្គមថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កាលពី២៦ឆ្នាំមុន ព្រះរាជាណចក្រកម្ពុជាដ៏កំសត់របស់យើងបានស្គាល់នូវពន្លឺសន្តិភាពជាលើកដំបូងពេញលេញ ដែលមិនធ្លាប់មានជាង៥សតវត្សរ៍កន្លងមក។ លើសពីនេះ សន្តិភាពនេះបានឋិតឋេរគង់វង្សយ៉ាងរឹងមាំអស់រយៈកាលជិត ៣ទសវត្សរ៍ ទោះបីឆ្លងកាត់ការសាកល្បងជាច្រើនលើកច្រើនសារជាបន្តបន្ទាប់ក្តី។ ការស្វែងរកសុខសន្តិភាពគឺជាដំណើរដ៏យូរអង្វែងបំផុតក្នុងប្រវត្តិសាស្រ្ត។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃ ១៨ មីនា ១៩៧០ គឺជាចំណុចចាប់ផ្តើមនៃមហាវិនាសកម្មដ៏ធំធេង ដែលប្រវត្តិសាស្រ្តជាតិយើងមិនដែលធ្លាប់បានជួបប្រទះ។ ការស្វែងរកការរស់រានឡើងវិញនៃប្រជាជាតិ និងការសង្រ្គោះអាយុជីវិតប្រជាជន បានកើតមានឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងធ្លាក់ក្នុងនរកអវចីនៃការសម្លាប់រង្គាល ប្រល័យភូជសាសន៍ឯង តាមរយៈព្រឹត្តិការណ៍ជាបន្តបន្ទាប់។ បើគ្មានថ្ងៃ ២០ មិថុនា ១៩៧៧ និងការងើបឡើងតស៊ូពីក្រុមអ្នកស្នេហាជាតិនៅទិសនានា ក៏មិនមាន រណសិរ្សសាមគ្គីសង្រ្គោះជាតិ នៅថ្ងៃ ២ ធ្នូ ១៩៧៨ ដែរ ហើយក៏មិនអាចមាន ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែរ។ មូលដ្ឋាននៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ តាមរយៈការផ្តួលរំលំនៃរបបយង់ឃ្នង បានអនុញ្ញាតឱ្យឥស្សរជនដែលជាអ្នកសង្រ្គោះប្រជាជាតិដដែលនេះ បន្តបេសកកម្មដ៏វែងឆ្ងាយមួយទៀតក្នុងការស្វែងរកការបង្រួបបង្រួម ផ្សះផ្សាជាតិ រួមមាន ជំនួប សីហនុ-ហ៊ុន សែន លើកទី១ រហូតឈានដល់កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា បើទោះបីពាក្យ «សន្តិភាព» ត្រូវបានចារិកជាលើកដំបូងក្នុងលិខិតូបករណ៍គតិយុត្តនេះក្តី ក៏យើងត្រូវរង់ចាំជិត១០ឆ្នាំទៀត ដើម្បីស្គាល់រសជាតិពិតប្រាកដ នៃសុខសន្តិភាពពេញលេញ ពោលគឺ លែងមានតំបន់ផ្តាច់ខ្លួន លែងមានក្រុមឧទ្ទាមក្រៅច្បាប់។ នយោបាយឈ្នះ ឈ្នះ គឺជាអ្នកបិទទំព័រដ៏ជូរចត់បំផុតនៃប្រវត្តិសាស្រ្ត ហើយបើកទំព័រប្រវត្តិសាស្រ្តកម្ពុជាសម័យទំនើបថ្មី ដែលយើងទាំងអស់គ្នាកំពុងទទួលផលផ្លែផ្កានេះ។ បទពិសោធន៍នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ គឺជាការបង្កើតឡើងដោយគំនិតប្រាជ្ញាកូនខ្មែរ ហើយសម្រេចបានជោគជ័យដោយខ្មែរគ្រប់ភាគី ដោយគ្មានការបង្ហូរឈាម និងដោយប្រើពេលខ្លីបំផុត។ សមិទ្ធផលដ៏អច្ឆរិយៈដែលកម្ពុជាសម្រេចបានដោយខ្លួនឯងនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលជាសក្ខីភាពសត្យានុម័តមួយ មិនអាចប្រកែកបានឡើយ។ ក្នុងស្មារតីចងចាំនូវគុណូបការៈនៃការស្វែងរកសុខសន្តិភាពពេញលេញនេះ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាបុណ្យជាតិរបស់កម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា អ្វីដែលយើងជាយុវជនជំនាន់ក្រោយ និងជាអ្នកបន្តវេនត្រូវដកស្រង់បទពិសោធន៍ និងរៀនសូត្រនៅពេលនេះ គឺការយល់ពីតម្លៃដ៏ជ្រាលជ្រៅនៃពាក្យ «សន្តិភាព» ដែលមិនត្រឹមតែជាការនិយាយចេញពីមាត់នោះទេ។ សន្តិភាពដែលយើងបានស្គាល់រយៈពេល២៦ឆ្នាំមកនេះ គឺមិនមែនកសាងបានក្នុងរយៈពេលមួយភ្លែតនោះទេ។ ផ្ទុយមកវិញការប៉ុនប៉ងបំផ្លាញសន្តិភាព គឺអាចសម្រេចបានតែក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ប្រសិនបើយើងមិនបានផ្តោតការយកចិត្តទុកដាក់ ហើយបណ្តែតបណ្តោយឱ្យទោរទន់ទៅតាមការអូសទាញពីការបញ្ឆេះកំហឹងមួយឆាវ។ ដូច្នេះ សូមកូនខ្មែរគ្រប់រូបចងចាំ និងប្តេជ្ញាចិត្តឱ្យមុតមាំថា យើងត្រូវការពារសុខសន្តិភាពដែលវីរបុរសជាតិយើងបន្សល់ទុកឱ្យនេះ ឱ្យបានឋិតឋេរចេរកាលតទៅអនាគត៕
ដោយ៖ពលជ័យ

ads banner